(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃសុក្រនេះ បានប្រកាសពីការបន្ធូរបន្ថយវិធានការបិទខ្ទប់ទូទាំងប្រទេស លើកលែងតែនៅទីក្រុងដ៏ធំបំផុតរបស់ខ្លួន គឺទីក្រុងអកលេនដ៍ (Auckland) ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

លោកស្រី Jacinda Ardern បាននិយាយថា ប្រទេសនូវែលសេឡង់ នឹងបន្ធូរបន្ថយវិធានការបិទខ្ទប់ មកត្រឹមកម្រិតទី៣វិញ ចាប់ពីថ្ងៃអង្គារសប្ដាហ៍ក្រោយនេះតទៅ លើកលែងតែទីក្រុង Auckland និងទីក្រុងជិតខាង Northland ប៉ុណ្ណោះ ដែលនឹងនៅតែស្ថិតក្រោមវិធានការបិទខ្ទប់កម្រិតទី៤ ដដែលក្នុងរយៈពេល ០២សប្ដាហ៍ទៀត។

នៅក្រោមវិធានការបិទខ្ទប់កម្រិតទី៣ អាជីវកម្មនានា អាចបើកដំណើរការបានតែចំពោះ សេវាកម្មដែលមិនមានការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ប៉ុណ្ណោះ។ ចំណែកឯបារ និងភោជនីយដ្ឋាននឹងនៅតែបន្តបិទដដែល លើកលែងតែសេវាកម្មខ្ចប់យកទៅផ្ទះ ហើយកន្លែងសាធារណៈ ក៏នឹងនៅតែបន្តបិទដដែលដូចគ្នា ខណៈមនុស្សដែលចូលរួមក្នុងពិធីមង្គលការ និងបុណ្យសពត្រូវបានកំណត់មកត្រឹម១០នាក់។

គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ៧០ករណីបន្ថែមទៀត ដែលករណីទាំងអស់នេះ ត្រូវបានរកឃើញនៅក្នុងទីក្រុង Auckland ដែលជាចំណុចកណ្ដាលនៃការរាតត្បាត ហើយនាំឱ្យចំនួនករណីឆ្លងសរុប កំលុងរលងឆ្លងរាលដាលចុងក្រោយនេះ កើនឡើងដល់ ៣៤៧ករណី៕