(ហាណូយ)៖ ស្ថានទូតចិននៅប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសពាក្យសម្តីវាយប្រហាររបស់ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ទៅលើប្រទេសចិន កំលុងទស្សនកិច្ចរបស់លោកស្រី នៅវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិន បានលើកឡើងថា លោកស្រី Harris បានបំផុសឲ្យប្រទេសនៅតំបន់អាស៉ីអាគ្នេយ៍ ចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនការដាក់សម្ពាធលើប្រទេសចិន ដែលទង្វើបែបនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីគោលដៅចម្បងតែមួយគត់ នៃដំណើរទស្សនកិច្ចរបស់លោកស្រី គឺប្រឆាំងនិងដាក់សម្ពាធលើចិន ដែលជាអ្វីចិនជំទាស់ដាច់ខាត។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា សហរដ្ឋអាមេរិកមិនគោរពប្រវត្តិសាស្រ្ត និងការពិតនៃបញ្ហាសមុទ្រចិនខាងត្បូង ហើយមិនខ្វាយខ្វល់ អំពីកិច្ចប្រឹងប្រែងរួមរបស់ចិននិងបណ្តាប្រទេសអាស៉ីអាគ្នេយ៍ ដែលបានព្យាយាមរក្សាការពារសុខសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ព្រមទាំងប្រឌិតឡើងនូវអ្វីដែលខ្លួនហៅថា «ការគំរាមកំហែងរបស់ចិន» នៅក្នុងតំបន់ថែមទៀត។

ជាចុងក្រោយ ស្ថានទូតចិននៅវៀតណាម បានបន្ថែមថា ប្រទេសចិនជឿជាក់ខ្ពស់ ក្នុងការធ្វើការជាមួយបណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈកិច្ចសន្ទនានិងការចរចា ហើយអនុវត្តកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក ដើម្បីការពារសន្តិភាពនិងស្ថិរភាព នៃតំបន់សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីទស្សនកិច្ចនៅសិង្ហបុរី។ វាជាទស្សនកិច្ចលើកដំបូងរបស់លោកស្រី នៅក្រៅតំបន់អាមេរិក គិតចាប់តាំងពីពេលស្បថចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០២១៕