(ហូជីមិញ)៖ អគ្គលេខាធិការរងនៃគណៈកម្មាធិការបក្សកម្មុយនិស្ដវៀតណាម ប្រចាំទីក្រុងហូជីមិញ លោក ផាន់ វ៉ាន់ ម៉ៃ (Phan Văn Mãi) នៅថ្ងៃអង្គារសប្ដាហ៍នេះត្រូវបានតែងតាំង ជាប្រធានគណៈកម្មាធិការប្រជាជនថ្មី (អភិបាល) នៃទីក្រុងមួយនេះសម្រាប់អាណត្តិ ២០២១ ដល់ឆ្នាំ២០២៦ ជំនួសលោក ង្វៀន ថាញ់ ហ្វុង (Nguyen Thanh Phong) ដែលទើបត្រូវបានផ្លាស់ចេញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

លោក Phan Văn Mãi អាយុ ៤៨ឆ្នាំ បានទទួលសំឡេងគាំទ្រ ៩៧.៧៥ភាគរយ នៅក្នុងការបោះឆ្នោតមួយរៀបចំឡើងដោយ គណៈកម្មាធិការប្រជាជនប្រចាំទីក្រុង ហូជីមិញ ហើយក្រោយជាប់ឆ្នោតលោក Mãi ក៏បានសន្យាដែរថា នឹងអនុវត្តមានឱ្យប្រសិទ្ធភាព និងតឹងរ៉ឹងនូវវិធានការទប់ស្កាត់ការឆ្លងរាលដាល COVID-19 នៅក្នុងទីក្រុងហូជីមិញ ដែលកំពុងជាចំណុចកណ្ដាល នៃករណីឆ្លងនៅក្នុងប្រទេសវៀតណាម។

គួរបញ្ជាក់ថា លោក Phan Văn Mãi ត្រូវបានតែងតាំងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការបក្សកម្មុយនិស្ដវៀតណាមប្រចាំទីក្រុងហូជីមិញ កាលពីខែមិថុនា ឆ្នាំ២០២១នេះ រីឯលោក Nguyễn Thành Phong នឹងត្រូវតែងតាំងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច នៃគណៈកម្មាធិការមជ្ឈិមបក្សប្រចាំទីក្រុងហាណូយ៕