(សិង្ហបុរី)៖ កំឡុងថ្លែងសុន្ទរកថានយោបាយការបរទេសដ៏សំខាន់ ក្នុងពេលបំពេញដំណើរទស្សនកិច្ចនៅសិង្ហបុរីកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានរិះគន់ចិនចំៗថាកំពុងសម្លុតគំរាមកំហែងបណ្ដាប្រទេសក្បែរខាងដែលជាភាគីជម្លោះ នៅតំបន់សមុទ្រចិនខាងត្បូង។ តែចិនបានច្រានចោលការចោទប្រកាន់បែបនេះ ហើយចោទបកទៅអាមេរិកវិញថាកំពុងបំបែកបំបាក់ទំនាក់ទំនងរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់។

ក្រៅតែពីរិះគន់ចិន លោកស្រី Harris ក៏បានសន្យាដែរថាសហរដ្ឋអាមេរិកនឹងឈរនៅខាងសម្ព័ន្ធមិត្ត រួមទាំងប្រទេសដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បី ប្រឆាំងនឹងឥទ្ធិពលចិន ព្រមទាំងធានាឱ្យបាននូវសេរីភាព និងការបើកចំហរ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ពាក្យថា «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលក្រុមមន្ត្រីអាមេរិក ទន្ទិញយ៉ាងជាប់មាត់គឺចង់សំដៅទៅលើយុទ្ធសាស្ត្រដែលទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបច្ចុប្បន្ន យុទ្ធសាស្ត្របែបនេះកំពុងត្រូវបានលោកប្រធានាធិបតី ចូ បៃដិន យកមកអនុវត្តបន្តសំដៅពង្រីកឥទ្ធិពលអាមេរិក និងខ្ទប់កើនឡើងឥទ្ធិពលចិន។

*តើពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ត្រូវបានយកមកប្រើតាំងពីពេលណា?

កាលពីដំបូងឡើយ អស់រយៈពេលជាច្រើនទសវត្សរ ទឹកដីដ៏ធំសម្បើមមួយដែលលាតសន្ធឹងពីអូស្ត្រាលី រហូតដល់ឥណ្ឌា ត្រូវបានសហរដ្ឋអាមេរិកហៅថា «តំបន់អាស៊ី-ប៉ាស៊ីហ្វិក» ស្របពេលអ្នកជំនាញខាងនយោបាយការបរទេសជាពិសេសនៅឥណ្ឌា, ឥណ្ឌូណេស៊ី និងអូស្ត្រាលីហៅថាតំបន់នេះថា «ឥណ្ឌូ-ប៉ាស៊ីហ្វិក» (Indo-Pacific)។ បើគេចាំមិនភ្លេចទេ នៅមុនលោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចកាន់ប្រទេសចំនួន៥ ក្នុងតំបន់អាស៊ីកាលខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមមន្ត្រី សេតវិមាន រួមទាំងលោក ត្រាំផ្ទាល់បានចាប់ផ្ដើមប្ដូរការហៅ «តំបន់អាស៊ី-ប៉ាស៊ីហ្វិក» ទៅជាតំបន់ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» វិញ។ ចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីជាន់ខ្ពស់ អាមេរិក ក្នុងនោះមានទាំងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster ដែលកាន់តំណែងនេះបានត្រឹម ១៤ខែ ក្រោមរដ្ឋបាលលោក ត្រាំ បានហៅ ឈ្មោះ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ម្ដងហើយម្ដងទៀត នៅពេលឆ្លើយតបនឹងសំណួរពីអ្នកសារព័ត៌មានពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ហ្វីលីពីន, វៀតណាម, ចិន, កូរ៉េខាងត្បូង និងជប៉ុន។

ការផ្លាស់ប្ដូរការហៅនេះត្រូវបានក្រុមអ្នកជំនាញខ្លះបកស្រាយថាដោយសារតែលោក ដូណាល់ ត្រាំ ចង់ដាក់ចេញគោលនយោបាយថ្មី ដោយមិនចង់ពាក់ព័ន្ធនឹង គោលនយោបាយចាស់របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបានចំណាយពេលពេញមួយអាណត្តិទី២ របស់លោកក្នុងការទានយោបាយ ការបរទេសអាមេរិកឱ្យចេញឆ្ងាយពីតំបន់មជ្ឈិមបូព៌ា មកផ្ដោតលើតំបន់សេដ្ឋកិច្ចរីកដុះដាលថ្មី នោះគឺ «អាស៊ី»

*តើ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» បង្ហាញអ្វីខ្លះពីនយោបាយការបរទេសអាមេរិក?

ការបន្តប្រើប្រាស់ពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» បានសន្មត់ថាសហរដ្ឋអាមេរិកបានផ្ដោតកាន់តែខ្លាំងទៅលើចិន ហើយវាអាចឆ្លុះបញ្ចំងបានតាមរយៈការស្ដារឡើងវិញនូវ សម្ព័ន្ធភាពយុទ្ធសាស្រ្តចតុភាគី ឬគេស្គាល់ថា Quad ដែលមានសមាជិកដូចជា អាមេរិក, ជប៉ុន, អូស្ត្រាលី និងឥណ្ឌា។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ ធ្លាប់បានសង្កត់ធ្ងន់ថាសហគមន៍អន្តរជាតិចាំបាច់ត្រូវតែបង្កើត «សម្ព័ន្ធភាពប្រជាធិបតេយ្យថ្មីមួយ» ដើម្បីទប់ទល់ជាមួយចិន។

ក្រុមប្រទេស Quad មានគោលដៅធំ នោះគឺខ្ទប់ការកើនឡើងឥទ្ធិពលចិន តាមរយៈការប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត ដើម្បីការពារនូវអ្វីដែលអាមេរិកហៅថាសណ្ដាប់ធ្នាប់ អន្តរជាតិ។ អាមេរិក និងបណ្ដាប្រទេសលោកខាងលិចបានចោទចិនថាកំពុងធ្វើសកម្មភាព និងមានចេតនាបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិ។ ចិនជារឿយៗតែងតែច្រានចោលការចោទប្រកាន់ទាំងនេះ ស្របពេលអ្នកជំនាញខ្លះយល់ថាអ្វីដែលអាមេរិក និងសម្ព័ន្ធមិត្តបារម្ភពិតប្រាកដនោះ មិនមែនសណ្ដាប់ធ្នាប់អ្វីនោះទេ តែគឺពួកគេខ្លាចបាត់បង់តំណែងជាមហាអំណាចពិភពលោក។

ពិតមែនទៅ ហេតុផលមួយដែលសហរដ្ឋអាមេរិកប្រើប្រាស់ពាក្យ «ឥណ្ឌូ (Indo) » នៅក្នុងពាក្យឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) នោះគឺដោយសារអាមេរិកយល់ថា ឥណ្ឌាមានសារៈសំខាន់បំផុតនៅក្នុងយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិន។ ម្យ៉ាងវិញទៀត ចំពោះអាមេរិក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានតម្លៃដោយសារតែតំបន់នេះមានទំហំធំ ហើយអាមេរិកផ្ទាល់មានបំណងប្រជែងជាមួយចិននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងតំបន់នេះ។

*អ្វីទៅជាយុទ្ធសាស្ត្រអាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក?

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិរបស់ខ្លួន, ប្រទេសជាដៃគូ និងសម្ព័ន្ធមិត្តទាំងអស់ ក្នុងតំបន់ជាមួយការសន្យាថាសហរដ្ឋអាមេរិកនឹងធ្វើការតាមប្រព័ន្ធពហុភាគី និងសហការជាមួយស្ថាប័នអន្តរជាតិនានា ក្នុងនោះមានទាំងអាស៊ានដែរ។ ក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរី កាលពីថ្ងៃអង្គារ ទី២៤ ខែសីហាកន្លងទៅនេះ លោកស្រី Harris ក៏បានបញ្ជាក់ដែរថាការចូលរួមរបស់ អាមេរិកក្នុងតំបន់ មិនមែនមានចេតនាប្រឆាំងដោយផ្ទាល់នឹងប្រទេសណាមួយទេ ហើយក៏មិនបានបង្ខំឱ្យប្រទេសដទៃជ្រើសរើសមួយរវាងអាមេរិក និងចិននោះដែរ។

ការវិលត្រឡប់របស់សហរដ្ឋអាមេរិកមកកាន់តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាមានលក្ខណៈសាច់ការណ៍និយម ពោលគឺគិតពីលទ្ធផលជាជាង មនោមគមន៍វិជ្ជា។ អាមេរិកមកលើកនេះមិនបានស្ពាយសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យជាប់តាមខ្លួនដូចមុននោះទេ ហើយក៏មិនមែនមានន័យថាប្រទេសអាស៊ីអាគ្នេយ៍ ទាំងអស់សុទ្ធតែសំខាន់នោះដែរ ដោយអាមេរិកផ្ដោតតែទៅលើប្រទេសដែលសំខាន់បំផុតក្នុងយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនរបស់ខ្លួនតែប៉ុណ្ណោះ មិនថាប្រទេសនោះជា កម្មុយនិស្ដ ឬផ្ដាច់ការនោះទេ ឱ្យតែមាននិន្ននាការប្រឆាំងចិន គឺអាចនិយាយគ្នាបាន។ វៀតណាម, ហ្វីលីពីន និងសិង្ហបុរី ត្រូវបានគេចាត់ទុកថាជាប្រទេសដែលអាមេរិក ត្រូវការជាចំាបាច់សម្រាប់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ពីព្រោះប្រទេសទាំងនេះមានទំនោរជាវិជ្ជមានច្រើនរកអាមេរិក ធៀបទៅនឹងបណ្ដាប្រទេសអាស៊ានដទៃ។

តែទោះជាបែបនេះក្ដី អាមេរិកនៅមានបញ្ហាត្រូវដោះស្រាយ ជាពិសេសនោះគឺយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក នៅតែផ្ដោតសំខាន់លើសន្តិសុខ ហើយសេដ្ឋកិច្ចដើរ តាមក្រោយ ខណៈបណ្ដាប្រទេសក្នុងតំបន់នេះភាគច្រើនឱ្យតម្លៃខ្លាំងលើសេដ្ឋកិច្ច ជាជាងទំនាក់ទំនងខាងសន្តិសុខ។ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គេនិយាយនាំគ្នានិយាយ ច្រើនពីរឿង «លុយ» ហើយបើនិយាយពីអ្នកចាយលុយវិនិយោគច្រើនជាងគេវិញ គ្មាននរណាក្រៅពីចិន ដោយនៅក្រោមគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី បន្តទទួលបានចំណែកហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅជាង ៤ទ្រីលានដុល្លារ នៅត្រីមាសដំបូងកាលពីឆ្នាំ២០២០។ នេះបើតាមទិន្នន័យផ្ដល់ដោយក្រុមហ៊ុន Refinitiv។

ដូច្នេះ ដោយសារតែប្រយោជន៍សេដ្ឋកិច្ចជាមួយចិនបែបនេះឯង ទើបបណ្ដាប្រទេសភាគច្រើន កំពុងព្យាយាមប្រើយុទ្ធសាស្ត្ររក្សាតុល្យភាពដោយដើរតាមការទូត មិនឈរនៅខាងមហាអំណាចណាមួយឡើយ ហើយបើទោះជាប្រទេសខ្លះកំពុងមានជម្លោះទឹកដីជាមួយចិនក៏ដោយ ក៏ពួកគេមិនហ៊ានធ្វើឱ្យចិនអន់ចិត្ត ឬខឹងនោះដែរ នៅពេលនិយាយដល់ប្រយោជន៍សេដ្ឋកិច្ច។

*ហេតុអ្វីអាមេរិកចង់រៀបចំកិច្ចប្រជុំ APEC នៅឆ្នាំ២០២៣?

លោកស្រី Kamala Harris បានទទួលស្គាល់ហើយថាសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC នៅឆ្នាំ២០២៣ ដោយថែមទាំងសង្កត់ធ្ងន់ទៀតផងពីសារៈសំខាន់នៃទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ចំពោះសហរដ្ឋអាមេរិក។ លោកស្រីបន្ថែមថាបណ្ដាប្រទេសអាស៊ាន រួមញ្ចូលគ្នា គឺជាដៃគូនាំចេញដ៏ធំលំដាប់ទី៤ របស់សហរដ្ឋអាមេរិក ហើយទំនាក់ទំនងពាណិជ្ជកម្មនេះបានផ្ដល់ការងារឱ្យប្រជាជនអាមេរិកច្រើនជាង ៦០០,០០០នាក់។

នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកមិនសូវឱ្យតម្លៃលើកិច្ចប្រជុំ APEC, កិច្ចប្រជុំកំពូលនៃប្រទេសអាស៊ីខាងកើត (East Asian Summit) ឬក៏ កិច្ចប្រជុំកំពូលអាមេរិក-អាស៊ានទេ ដោយលោកតែងតែបញ្ជូនអ្នកតំណាងរបស់លោកឱ្យមកចូលរួមជំនួស ដែលនេះបានធ្វើឱ្យមេដឹកនាំអាស៊ានអន់ចិត្តចំពោះអាមេរិក មិនតិចនោះទេ។ ការសន្យារៀបចំកិច្ចប្រជុំ APEC ត្រូវបានក្រុមអ្នកជំនាញមើលឃើញថារដ្ឋបាលលោក បៃដិន ចង់បញ្ជូនសារមួយទៅកាន់បណ្ដាប្រទេសក្នុងតំបន់ថា សហរដ្ឋអាមេរិកបានត្រឡប់មកវិញ ហើយពួកគេអាចជឿជាក់ជាថ្មីលើអាមេរិក។

គួរបញ្ជាក់ថា «គោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ» របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ល្អក់កករនឹងគ្នាយ៉ាងខ្លាំង ស្របពេលដែលចិនកាន់តែបង្កើនការចូលរួមជាមួយអាស៊ាន។ វាមិនមែនជារឿងងាយទេ ដែលអាមេរិកចង់ ឱ្យប្រទេសទាំងនេះដើរតាមនយោបាយប្រឆាំងចិនរបស់ខ្លួន។ តែប្រឈមមុខនឹងការប្រជែងរឹតតែខ្លាំងរវាងមហាអំណាចទាំង ២ វាចៀសមិនរួចឡើយនឹងបង្ខំឱ្យពួកគេ ត្រូវបង្ខំចិត្តរើសយកមួយ ឬក៏ខ្លះបានរើសនៅក្នុងចិត្តរួចទៅហើយ គ្រាន់តែនៅប្រឹងប្រែងទាញយកប្រយោជន៍ទាំងសងខាងសិនតែប៉ុណ្ណោះ៕

ប្រភព៖ SCMP (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១)