(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោនអាមេរិកញ្ជាក់ពីការបំផ្ទុះគ្រាប់បេក នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ខណៈរដ្ឋាភិបាលអាមេរិកប្រញាប់ប្រញាល់ជម្លៀសប្រជាជន ឲ្យទាន់កាលកំណត់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅមុននេះបន្តិចយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

យោងតាមអ្នកនាំពាក្យជាន់ខ្ពស់របស់មន្ទីរបញ្ចកោណលោក John Kirby បានគូសបញ្ជាក់ថា ភ្លាមៗនេះវាមិនច្បាស់ថាមានអ្នកស្លាប់ និងរបួសទេប៉ុន្មាននាក់ទេ។

ព័ត៌មាននេះបានកើតឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយស្ថានទូតអាមេរិកនៅអាហ្វហ្គានីស្ថានបានចេញនូវការជូនដំណឹងសន្តិសុខមួយនៅលើគេហទំព័ររបស់ខ្លួន ដោយជំរុញឱ្យជនជាតិអាមេរិកចៀសវាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុល និងបានដាស់តឿនដល់អ្នកដែលនៅតាមច្រកទ្វារមួយចំនួនឲ្យចាកចេញភ្លាមៗពីកន្លែងទាំងនោះជាបន្ទាន់។

គួរបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កងកម្លាំងលោកខាងលិចបានជម្លៀសមនុស្ស ១៣,៤០០ នាក់ចេញពីទីក្រុងកាប៊ុល តាមជើងយន្តហោះដឹកទំនិញយោធាចំនួន៩១គ្រឿង។ ចាប់តាំងពីការជម្លៀសប្រជាជនក្នុងលក្ខណៈទ្រង់ទ្រាយធំ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែសីហាមក មានមនុស្សប្រមាណ៩៥,៧០០នាក់ហើយត្រូវបានគេដឹកចេញពីប្រទេសអាហ្វហ្គានីស្ថាន៕