(ម៉ាឌ្រីដ)៖ ថ្មីៗនេះកាសែតល្បីឈ្មោះមួយនៅអេស៉្បាញគឺ រ៉េបេលៀន (Rebelion) បានចុះផ្សាយអត្ថបទបញ្ចេញមតិមួយដោយលើកឡើងថា រយៈពេល ២០ឆ្នាំ ក្រោយការឈ្លានពានលើអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត នៅទីបំផុតត្រូវនាំគ្នារត់ចេញពីប្រទេសមួយនេះវិញ ទាំងប្រញាប់ប្រញាល់ ដែលវាឆ្លុះបញ្ចាំងឲ្យឃើញពីការបរាជ័យយ៉ាងធំធេងទាំងផ្នែក យោធា សេដ្ឋកិច្ច និងនយោបាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

អត្ថបទនោះបានរៀបរាប់ថា ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានដោយចលាចល បានក្លាយជាទិដ្ឋភាពថ្មីមួយស្រដៀងនឹងនៅទីក្រុង សៃហ្គន (Saigon) កាលពីសម័យសង្រ្គាមវៀតណាម សម្រាប់សហរដ្ឋអាមេរិក ហើយបង្ហាញពីភាពបរាជ័យយ៉ាងអាម៉ាស់ សម្រាប់មហាអំណាចមួយនេះ។

ភាពបរាជ័យផ្នែកយោធាស្ថិតត្រង់ថា កងទ័ពអាមេរិករាប់ពាន់នាក់ បានស្លាប់ដោយសារការបំផ្ទុះគ្រាប់បែក និងការប្រយុទ្ធគ្នាលើសមរភូមិ ហើយរាប់ពាន់នាក់ផ្សេងទៀត បានត្រលប់ទៅប្រទេសខ្លួនវិញ ទាំងរងរបួសឬកើតមានវិបត្តិសតិអារម្មណ៍ធ្ងន់ធ្ងរ។ បន្ថែមពីនេះ ការចំណាយផ្នែកសេដ្ឋកិច្ចសម្រាប់សង្រ្គាមអាហ្វហ្គានីស្ថាន ក៏ជាការខាតបង់ធំធេងផងដែរ ដោយទីក្រុងវ៉ាស៉ីនតោនបានចាយលុយជាង ១.៥ទ្រីលានដុល្លារ។

ភាពបរាជ័យរបស់សហរដ្ឋអាមេរិក ក៏ត្រូវបានឆ្លុះបញ្ចាំងក្នុងនយោបាយថែមទៀតផង។ តាមរយៈការដកកងទ័ពទៅវិញ គឺអាមេរិកទទួលស្គាល់អំពីភាពបរាជ័យ ក្នុងការបំពេញមហិច្ឆតាភូមិសាស្រ្តនយោបាយរបស់ខ្លួននៅក្នុងតំបន់ ហើយនឹងព្យាយាមសម្រេចគោលដៅរបស់ខ្លួន តាមរយៈមធ្យោបាយផ្សេង ដោយទុកឲ្យតំបន់ដ៏ធំនេះឲ្យរងអស្ថិរភាព។

សរុបជាចុងក្រោយ អត្ថបទរបស់កាសែត Rebelion បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់គឺក្រោយរយៈពេល ២០ឆ្នាំមកនេះ អ្នកដែលបានរងគ្រោះខ្លាំងជាងគេបំផុត គឺប្រជាជនអាហ្វហ្គានីស្ថាន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជនស៉ីវិលច្រើនជាង ១០០,០០០នាក់បានបាត់បង់ជីវិត ឬរងរបួស ក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក កំលុងពេល ២០ឆ្នាំកន្លងទៅនេះ។ មួយវិញទៀត ៣ ក្នុងចំណោមជនភៀសខ្លួន ១០នាក់ នៅលើពិភពលោក គឺមកពីអាហ្វហ្គានីស្ថាន ដោយ ៩៦ភាគរយនៃពួកគេ កំពុងជ្រកកោននៅប្រទេសប៉ាគីស្ថាន និងអ៉ីរ៉ង់៕