(តេហេរ៉ង់)៖ សមាជិកសភានៃប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធសប្តាហ៍នេះ បានបោះឆ្នោតទទួលស្គាល់ នូវសមាជិកគណៈរដ្ឋមន្ត្រីចំនួន ១៨រូប ក្នុងចំណោម ១៩រូប ដែលត្រូវបានជ្រើសរើសដោយលោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ស្ថិតក្នុងក្តីសង្ឃឹមថា ប្រទេសអ៊ីស្លាមមួយនេះនឹងអាចដោះស្រាយ វិបត្តិជំងឺរាតត្បាតសកល COVID-19 ប្រកបដោយប្រសិទ្ធភាព និងរំដោះខ្លួនចេញពីទណ្ឌដ៏រួមរឹតរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

លោក Ebrahim Raisi បានថ្លែងនៅក្នុងកិច្ចប្រជុំសភាខាងលើនេះថា ដំណើរការពិភាក្សាក្នុងសភា ស្តីអំពីលក្ខណៈសម្បត្តិនៃសមាជិកគណៈរដ្ឋមន្ត្រីទាំង ១៨រូប ដែលត្រូវបានទទួលស្គាល់ខាងលើ ថាតើពួកគេសក្តិសមកាន់តំណែងណាខ្លះនោះ នឹងត្រូវលើកទៅពិភាក្សាគ្នា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោក Raisi បានសង្កត់ធ្ងន់ថា «យើងបានយល់អំពីភាពប្រថុចញ៉ុចនេះ ប៉ុន្តែក្តីឈឺចាប់ និងបញ្ហានៃប្រជាជនយើង គឺពិតជាច្រើនខ្លាំងណាស់»។

គួរបញ្ជាក់ថា គោលដៅសំខាន់ៗពីរដែលរដ្ឋាភិបាលថ្មីរបស់លោក Ebrahim Raisi នឹងរៀបចំធ្វើការដោះស្រាយជាបន្ទាន់នោះ ទីមួយគឺការបញ្ជាទិញវ៉ាក់សាំងសរុប ៣០លានដូសពីបរទេស ខណៈប្រទេសដែលមានប្រជាជនជាង ៨០លាននាក់មួយនេះ ត្រូវបានគេមើលឃើញថា នៅតែបន្តមានភាពទន់់ខ្សោយ ក្នុងការកសាងភាពសុំាជាសហគមន៍ ចំពោះមុខការរាតត្បាត COVID-19 ដែលមិនទាន់មានសញ្ញាថមថយ។

សម្រាប់ទីពីរវិញគឺការរំដោះខ្លួនចេញពីទណ្ឌកម្មសហរដ្ឋអាមេរិក ដែលកំពុងគ្របសង្កត់លើវិស័យសេដ្ឋកិច្ចសំខាន់ៗ នៃប្រទេសអ៊ីរ៉ង់។ ក្នុងន័យនេះ រដ្ឋាភិបាលរបស់លោក Ebrahim Raisi ទំនងជានឹងមិនចរចា ឬសុំឲ្យអាមេរិកដកទណ្ឌកម្មនោះឡើយ ប៉ុន្តែអ៊ីរ៉ង់នឹងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តរបស់ខ្លួន ហើយសម្របខ្លួនទៅនឹងទណ្ឌកម្មទាំងនោះវិញ ដើម្បីរំដោះសេដ្ឋកិច្ចចេញពីការបិទខ្ទប់៕