(យូអិន)៖ បេសកជនចិនម្នាក់ នៅថ្ងៃពុធសប្ដាហ៍នេះ បានជំរុញឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រដំណើរការនយោបាយរបស់ប្រទេសអ៊ីរ៉ាក់ និងជួយប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងជំងឺឆ្លងរាតត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២១។

លោក ជែង ហ្ស័ង (Geng Shuang) អ្នកតំណាងរងអចិន្ត្រៃយ៍នៃបេសកកម្មចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខដោយសង្ខេប អំពីបេសកកម្មផ្តល់ជំនួយរបស់ UN សម្រាប់ប្រទេសអ៊ីរ៉ាក់ (UNAMI) ថា ខណៈការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខនេះ គឺជាអាទិភាពកំពូលមួយលើរបៀបវារៈនយោបាយនាពេលបច្ចុប្បន្ន និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងដំណើរផ្លាស់ប្តូរនយោបាយរបស់ប្រទេសអ៊ីរ៉ាក់ «សហគមន៍អន្តរជាតិគួរតែបន្តគាំទ្រប្រទេសអ៊ីរ៉ាក់ ក្នុងការជំរុញដំណើរការនយោបាយក្នុងស្រុករបស់ប្រទេសនេះ»។

លោក Geng Shuang បានប្រាប់បន្ថែមថា «យើងរីករាយដែលបានឃើញវឌ្ឍនភាពវិជ្ជមាន ក្នុងការរៀបចំការបោះឆ្នោត។ យើងគាំទ្រ UN ក្នុងការផ្តល់ជំនួយការបោះឆ្នោតដល់ប្រទេសអ៊ីរ៉ាក់ ហើយសង្ឃឹមថា UNAMI នឹងដើរតួនាទីស្ថាបនាក្នុងការធានាឱ្យដំណើរការបោះឆ្នោត នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យក្រោមការដឹកនាំរបស់ប្រទេសអ៊ីរ៉ាក់ និងគោលការណ៍ដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ាក់»

លោក Geng Shuang បានបន្តថា សហគមន៍អន្តរជាតិ ក៏គួរតែបន្តគាំទ្រប្រទេសអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងរក្សាសន្តិសុខ និងស្ថិរភាពជាតិផងដែរ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះមក វាមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងការវាយប្រហារភេរវកម្មលើទឹកដីអ៊ីរ៉ាក់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងមានការខូចខាតហេដ្ឋារចនាសម្ពន្ធយ៉ាងច្រើនទៀតផង។

តាមបេសកជនចិនរូបនេះ បានលើកឡើងជាចុងក្រោយថា «វាពិតជាការចាំបាច់ណាស់ ក្នុងបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីជួយប្រទេសអ៊ីរ៉ាក់ ដោះស្រាយបញ្ហាគំរាមកំហែងភេរវកម្ម ប្រយុទ្ធប្រឆាំងក្រុមភេរវករដែលនៅសេសសល់ និងពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់សមាជិកភេរវករបរទេស»