(កង់បេរ៉ា)៖ ប្រទេសអូស្រ្តាលី និងនូវែលសេឡង់បានជម្លៀសមនុស្សចំនួន ១,២០០នាក់បន្ថែមទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាន ចំពេលស្ថានភាពនៅទីនោះកាន់តែអាក្រក់ទៅៗហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សចំនួន ១,២០០នាក់ទៀត ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន តាមជើងហោះហើរអូស្ត្រាលីចំនួន ០៦ និងជើងហោះហើរនូវែលសេឡង់ចំនួន ០១ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ ដែលជាកិច្ចខិតខំប្រឹងប្រែងជម្លៀសដ៏ធំបំផុត ចាប់តាំងពីទីក្រុងនេះត្រូវបានក្រុមតាលីបង់ចូលគ្រប់គ្រង។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសអូស្រ្តាលី និងនូវែលសេឡង់ បានជម្លៀសមនុស្សសរុបប្រមាណ ៤,០០០នាក់ហើយចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលលោក Morrison បាននិយាយថា «វាមានចំនួន ០៣ដង ច្រើនជាងអ្វីដែលយើងបានគិតទៅទៀត»

លោក Morrison បានថ្លែងទៀតថា កងកម្លាំងការពារអូស្រ្តាលី (ADF) នឹងបន្តធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីជម្លៀសមនុស្សបានកាន់តែច្រើនឡើង ប៉ុន្តែលោកបានព្រមានថា «ស្ថានភាពនៅទីនោះកាន់តែយ៉ាប់យ៉ឺនទៅៗហើយ។ ទោះជាយ៉ាងណា យើងត្រូវតែដោះស្រាយជាមួយនឹងការពិតដ៏សាហាវឃោរឃៅ និងដ៏គួរឱ្យភ័យខ្លាចនេះ»

គួរបញ្ជាក់ថា ប្រទេសអូស្រ្តាលីបានចូលរួមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក្នុងការព្រមានពលរដ្ឋ កុំឱ្យធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុលផងដែរ ដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) បានព្រមានពីស្ថានភាព ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ ខណៈសហរដ្ឋអាមេរិក និងអង់គ្លេសក៏បានធ្វើការព្រមានដូចគ្នានេះដែរ៕