(ប៉េកាំង)៖ ថ្ងៃទី២៤ ខែសីហា ជាកាលបរិចេ្ឆទ ៩០ថ្ងៃ ដែលរដ្ឋាភិបាលអាមេរិក បានកំណត់សម្រាប់ឱ្យស្ថាប័នស៊ើបការណ៍ ធ្វើការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩។ អ្នកនាំពាក្យសេតវិមានរបស់អាមេរិកបានអះអាងថា តាមការប៉ាន់ប្រមាណ អាមេរិកនឹងប្រកាសពីរបាយការណ៍ជាផ្លូវការ ស្តីពីការស៊ើបអង្កេតរកប្រភពដើមនៃវីរុស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ មិនថារបាយការណ៍នេះ នឹងប្រកាសពីការសន្និដ្ឋានយ៉ាងណាក៏ដោយ គ្រាន់តែនិយាយចំពោះព្រឹតិ្តការណ៍ ដែលបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ទៅរក ប្រភពដើមនៃវីរុសកូវីដ១៩ដោយវិទ្យាសាស្ត្រនេះ វាគឺជារឿងនយោបាយដែលគួរឱ្យអស់សំណើចណាស់។

បើមើលពីប្រវតិ្តសាស្ត្រអាចឃើញថា ក្នុងនាមជាឧបករណ៍ ដើម្បីគាំពារអនុត្តរភាពបែបអាមេរិក ស្ថាប័នស៊ើបការណ៍អាមេរិក បានប្រព្រឹត្តិទង្វើអាក្រក់ដ៏ច្រើនរាប់មិនអស់។

ឧទាហរណ៍ដូចជា នៅដើមខែសីហា ឆ្នាំ១៩៦៤ លោក Lyndon Baines Johnson ប្រធានាធិបតីអាមេរិកកាលនោះបានប្រគល់របាយការណ៍ជូនរដ្ឋសភា ដោយអះអាងថា នាវាចម្បាំងកងទ័ពអាមេរិកពីរគ្រឿង រងការវាយប្រហារពីនាវាបាញ់គ្រាប់បែកបុក របស់កងកម្លាំងវៀតណាមខាងជើង នៅលំហសមុទ្រអន្តរជាតិនៃឈូងសមុទ្រ Bei Bu។ បន្ទាប់មក រដ្ឋសភាអាមេរិកបានអនុម័តលើ «សេចកី្តសម្រេចចិត្តឈូងសមុទ្រតូក្យូ» បានជាសង្គ្រាមវៀតណាមបានផ្ទុះឡើងដោយគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែទីបំផុត ឯកសារសម្ងាត់ដែលត្រូវបានប្រកាសជាសាធារណៈបានបញ្ជាក់ថា នាយកដ្ឋានសន្តិសុខជាតិអាមេរិក បានផ្តល់ព័ត៌មានក្លែងក្លាយដើម្បីរកបានលេសដ៏ “សមហេតុសមផលបំផុត” សម្រាប់ធ្វើសង្គ្រាមជាមួយវៀតណាម។

និយាយចំពោះស្ថាប័នស៊ើបការណ៍របស់អាមេរិក ការប្រឌិតព័ត៌មានក្លែងក្លាយ គ្រាន់តែជាវិធីសាស្ត្រអាក្រក់តែម៉្យាងប៉ុណ្ណោះ កលល្បិចដែលមានភាពកាន់តែពិសពុលទៀត គឺញាក់ខ្សែបញ្ជាអ្នកសារព័ត៌មាននៃប្រទេសនានា។

គិតរហូតដល់បច្ចុប្បន្ននេះ ស្ថាប័នស៊ើបការណ៍របស់អាមេរិក នៅតែប៉ុនប៉ងបំភាន់ភ្នែករបស់អ្នកផង តាមរយៈការញាក់ខ្សែបញ្ជាប្រព័ន្ធសារព័ត៌មានដដែល។ នៅខែសីហាឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានផ្សាយអ្វីដែលហៅថាព័ត៌មានផ្តាច់មុខ ដោយអះអាងថា ពេលធ្វើការស៊ើបអង្កេត ស្ថាប័នស៊ើបការណ៍របស់អាមេរិកបានរកឃើញ “រតនាគារ” មួយដែលបានតម្កល់ទុកទិន្នន័យហ្សែន ក្នុងនោះបូករួមទាំងទិន្នន័យហ្សែនរបស់ វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសនៃក្រុងវ៊ូហានផងដែរ ល្គឹកណាដែលអាចបំបែករតនាគារនេះ នោះទិន្នន័យទាំងនេះនឹងក្លាយជាគន្លឹះ សម្រាប់លាតត្រដាងពីប្រភពដើមនៃវីរុសកូវីដ១៩។ វាច្បាស់ណាស់ថា ក្រោមការបញ្ជាពីអ្នកនយោបាយអាមេរិក ស្ថាប័នស៊ើបការណ៍របស់អាមេរិក ប៉ុនប៉ងលេងកលល្បិចម្តងទៀតក្នុងបញ្ហា តាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ និងទម្លាក់កំហុសទៅលើប្រទេសចិន។

វិទ្យាសាស្ត្រមិនអនុញ្ញាតឱ្យលេងកលល្បិចនយោបាយនោះទេ ។ ទាក់ទិននឹងការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ របាយការណ៍សិក្សាស្រាវជ្រាវរួមរបស់ប្រទេសចិន និងអង្គការសុខភាពពិភពលោក ដែលបានប្រកាសនៅចុងខែមីនាឆ្នាំនេះទទួលបានការសន្និដាន និងសេចកី្តស្នើដែលត្រូវសហគមន៍អន្តរជាតិ និងមជ្ឈដ្ឋានវិទ្យាសាស្ត្រទទួលស្គាល់ជាទូទៅ ហើយបានលើកឡើងថា វីរុសកូវីដ១៩ “គ្មានលទ្ធភាពណាស់” ធ្លាយចេញពីបន្ទប់ពិសោធន៍នៃប្រទេសចិន។ នៅពេលអនាគត ការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ គួរតែធ្វើឡើងលើមូលដ្ឋាននៃការសន្និដាននេះ តែមិនមែនការសន្និដានផ្សេងទៀតនោះទេ។

ប្រទេសចិនបានផ្តល់ការគាំទ្រ និងបន្តចូលរួមការងារតាមដានរកប្រភពដើម នៃវីរុសកូវីដ១៩ជាប់រហូតមក ហើយមិនអត់ឱនជាដាច់ខាតចំពោះការទម្លាក់កំហុសរបស់ ស្ថាប័នស៊ើបការណ៍អាមេរិកនោះឡើយ។ ពិភពលោកទាំងមូលក៏មិនជឿរបាយការណ៍ខុសឆ្គងដែលប្រឌិតឡើងដោយមធ្យោបាយអាក្រក់ជាដាច់ខាតនោះទេ។ ចុះឱ្យយើងរងចាំមើលមើថា «តើរដ្ឋាភិបាលនិងស្ថាប័នស៊ើបការណ៍របស់អាមេរិក នឹងបង្អាប់មុខតាមរបៀបណា!»៕ (#CCFR Comment#)