(ប៉េកាំង)៖ មូលនិធិសម្រាប់កុមាររបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNICEF បានឱ្យដឹងថាកុមារជាង ១០លាននាក់នៅក្នុងប្រទេសអាហ្វហ្កានីស្ថានកំពុង ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីបន្តរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

អង្គការ UNICEF ក៏បានព្រមានដែរថាកុមារអាហ្វហ្កានីស្ថាន ៤.២លាននាក់មិនបានចូលរៀន និង៤៣៥,០០០នាក់ ក្លាយជាជនភៀសខ្លួននៅក្នុងប្រទេសខ្លួនឯង ហើយច្រើនជាង ២,០០០នាក់ រងការរំលោភបំពានចាប់តាំងពីខែមករា ដើមឆ្នាំ២០២១មក។ ចំណែកឯ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ គួបផ្សំនឹងវិបត្តិ COVID-19, រដូវរងារ កាន់តែខិតជិតមកដល់ ព្រមទាំងការឡើងកាន់អំណាចរបស់ក្រុមតាលីបង់សុទ្ធតែជាកត្តាសំខាន់ៗជំរុញឱ្យប្រជាជនអាហ្វហ្កានីស្ថានត្រូវការជំនួយមនុស្សធម៌ ជាបន្ទាន់។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ដាច់ដោយឡែកមួយចេញផ្សាយដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រជាជនអាហ្វហ្កានីស្ថាន មួយភាគបី កំពុង ប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារ ហើយពួកគេត្រូវការជំនួយ ២០០លានដុល្លារ នៅមុនចុងឆ្នាំ២០២១នេះ ដើម្បីអាចបន្តការងារនៅអាហ្វហ្កានីស្ថាន ក្រោយ ក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី៕