(ប៉េកាំង)៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥១ ជាទិវាដែលមានអត្ថន័យក្នុងប្រវត្តិសាស្ត្រនៃភូមិភាគស្វយ័ត Xizang។ នៅថ្ងៃនោះ រដ្ឋាភិបាលមជ្ឈិមចិន និងអតីតរដ្ឋបាលតំបន់ Xizang បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីវិធីសាស្ត្រសម្រាប់រំដោះតំបន់ Xizang ដោយសន្តិភាព» នៅក្រុងប៉េកាំង ហើយបានប្រកាសជាផ្លូវការថា តំបន់ Xizang ត្រូវរំដោះដោយសន្តិភាព ។

ក្នុងរយៈពេល ៧០ឆ្នាំកន្លងមក ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិន តំបន់ Xizang បានកែប្រែពីភាពអន់ថយទៅរកវឌ្ឍនភាព កែប្រែពីភាពក្រីក្រទៅរកភាពសម្បូរសប្បាយ កែប្រែពីភាពបិទបាំងទៅរកភាពបើកទូលាយ ដែលបានបង្កើតអច្ឆរិយរបស់មនុស្សជាតិ ដែលចំណាយពេលវេលាត្រឹមតែរាប់សិបឆ្នាំ ទទួលបានការអភិវឌ្ឍបែបលោតផ្លោះយ៉ាងខ្លាំង។

កាលពីឆ្នាំ២០១៩ ភូមិភាគស្វយ័ត Xizang បានលុបបំបាត់ភាពក្រីក្រដាច់ខាត ប្រកបដោយលក្ខណៈប្រវត្តិសាស្ត្រ ពោលគឺមានប្រជាជនក្រីក្រចំនួន ៦២៨,០០០នាក់បានដកខ្លួនចេញពីភាពក្រីក្រទាំងអស់។ នៅចុងឆ្នាំ២០២០ តម្លៃផលិតផលក្នុងស្រុកសរុបនៅតំបន់ Xizang បានវាយទម្លុះ ១៩០,០០០,០០០,០០០ប្រាក់យាន់ចិន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ Xizang បានឈរលើមូលដ្ឋានដូចគ្នានឹងបណ្តាតំបន់នានា នៅទូទាំងប្រទេសចិន។

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មហាសន្និបាតអបអរសាទរខួបទី ៧០ នៃការរំដោះតំបន់ Xizang ដោយសន្តិភាពបានធ្វើឡើងនៅក្រុង Lasa។ ប្រជាជនជាង ២ម៉ឺននាក់បានជួបជុំគ្នានៅទីលានវាំង Potala ដើម្បីរួមគ្នាជាសក្សីនៃខួបទី ៧០ នៃការរំដោះតំបន់ Xizang ដោយសន្តិភាព ដែលជាខណៈពេលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងគួរឱ្យរំភើបចិត្ត។

លោកតា Bianjue ដែលមានអាយុ ៦២ឆ្នាំបានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ដោយរំភើបចិត្តថា សព្វថ្ងៃនេះជីវភាពរស់នៅរបស់យើងល្អណាស់ ពួកយើងពេញចិត្តណាស់ ជីវភាពបែបនេះគឺនឹកស្មានមិនដល់នៅកាលពីមុន។ មុខញញឹមដែលពោរពេញទៅដោយសុភមង្គលនីមួយៗ និងការរំពឹងទុកចំពោះជីវភាពរស់នៅកាន់តែល្អបវរ បានឆ្លុះបញ្ចាំងពីបម្រែបម្រួលយ៉ាងខ្លាំងក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនិងភាពអស្ចារ្យ នៃការអភិវឌ្ឍនៅតំបន់ Xizang។

បន្ទាប់ពី ៧០ឆ្នាំកន្លងមក នៅភូមិភាគស្វយ័ត Xizang ជីវភាពរស់នៅរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរ ទំហំតំបន់អភិរក្សអេកូបរិស្ថានបានពង្រីកធំឥតឈប់ឈរ ភាពចម្រុះខាងជីវសាស្ត្របន្តស្តារឡើងវិញ បរិស្ថានស្នាក់នៅក៏ត្រូវកែលម្អយ៉ាងលេចធ្លោផងដែរ ភូមិភាគស្វយ័ត Xizang នាបច្ចុប្បន្ននេះ មានភ្នំបៃតង ទឹកស្អាត និងខ្យល់ស្រស់ថ្លា ជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានគុណភាពបរិស្ថានល្អបំផុតលើពិភពលោក។

ក្នុងឱកាសខួបទី ៧០ នៃការរំដោះតំបន់ Xizang ដោយសន្តិភាព លោក Shaun Rein សហគ្រិនអាមេរិកដែលធ្លាប់ទៅតំបន់ Xizang កាលពី ២០ឆ្នាំមុន និងលោក David Blair ដែលមិនដែលទៅតំបន់ Xizang បានទៅទស្សនាតំបន់ Xizang តាមសេចក្តីអញ្ជើញ។

ក្នុងរយៈពេលមួយសប្តាហ៍ដែលធ្វើទស្សនានៅតំបន់ Xizang លោកទាំងពីរនាក់មានការភ្ញាក់ផ្អើល ចំពោះទេសភាពដ៏ស្រស់ស្អាតនៃតំបន់ Xizang ហើយកាន់តែកោតសរសើរជាប់មិនដាច់ ចំពោះកម្លាំងរស់រវើកនៃតំបន់ Xizang ដែលជាតំបន់ដាច់ស្រយាល។ ភ្ញៀវទាំងពីរនាក់នេះបានថ្លែងមតិទៅកាន់ផ្ទៃអន្តរជាតិថា តំបន់នេះគ្មានការជិះជាន់ទេ គ្មានវប្បធម៌ណាមួយត្រូវបង្ខំលុបបំបាត់ ហើយក៏គ្មានជនជាតិណាមួយកំពុងដាច់ពូជដែរ។

ប្រព័ន្ធសារព័ត៌មាន និងអ្នកនយោបាយអាមេរិក ដែលផ្សព្វផ្សាយពាក្យចចាមអារាមទាំងនោះ គួរតែបញ្ឈប់ទង្វើមួលបង្កាច់ប្រទេសចិន។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់ Xizang ជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនតំបន់ Xizang គឺជាការតបតវិញដ៏ល្អបំផុតទៅកាន់សហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចមួយចំនួន ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដោយយកបញ្ហាតំបន់ Xizang ធ្វើជាលេស។

បច្ចុប្បន្ននេះ សមិទ្ធផលដ៏អស្ចារ្យនៃតំបន់ Xizang កំពុងបង្កើនឡើងតទៅទៀត ជំហាននៃតំបន់ Xizang ដែលឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្មសង្គមនិយម មានភាពកាន់តែរឹងមាំក្នុងយុគសម័យថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន តំបន់ Xizang នឹងបង្កើតវិបុលភាពកាន់តែត្រចះត្រចង់នៅពេលអនាគត៕ (#CCFR Comment#)