(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា សហរដ្ឋអាមេរិកនឹងធានាឲ្យជនជាតិរបស់ខ្លួន និងដៃគូនានា អាចបន្តការចាកចេញពីអាហ្វហ្គានីស្ថានដដែល បើទោះបីជាត្រូវហួសកាលកំណត់ថ្ងៃទី៣១ ខែសីហាក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកពេលនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋបាលរបស់លោកប្តេជ្ញាបញ្ចប់ការជម្លៀស មនុស្សចេញពីអាហ្វហ្គានីស្ថានឲ្យបានត្រឹមថ្ងៃទី៣១ ខែសីហា បើទោះបីជាសម្ព័ន្ធនានា ជាពិសេសអង់គ្លេស បានព្យាយាមទទូចឲ្យអាមេរិក ពន្យារពេលបន្ថែមទៀត តាមរយៈកិច្ចចរចាជាមួយក្រុមតាលីបង់ក្តី។

យ៉ាងណាក៏ដោយ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ លោក Blinken បានឆ្លើយតបបែបនេះវិញថា «គ្មានកាលកំណត់សម្រាប់កិច្ចការងាររបស់យើង ក្នុងការជួយជនជាតិអាមេរិក និងដៃគូនានាដែលកំពុងស្ថិតនៅអាហ្វហ្គានីស្ថាន ឲ្យចាកចេញពីប្រទេសនោះឡើយ... កិច្ចខិតខំប្រឹងប្រែងនឹងបន្តទៅមុខ ជារៀងរាល់ថ្ងៃរហូតហួសថ្ងៃទី៣១ ខែសីហា...»។ លោក Blinken ក៏បានអះអាងផងដែរថា ជនជាតិអាហ្វហ្គានីស្ថាននានាដែលងាយរងគ្រោះ នឹងមិនត្រូវបានបោះបង់នោះឡើយ ដោយអាមេរិកនឹងព្យាយាមជម្លៀសពួកគេ ចេញពីអាហ្វហ្គានីស្ថាន ទោះបីជាត្រូវហួសកាលកំណត់ថ្ងៃទី៣១ ខែសីហាក៏ដោយ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏បានលើកឡើងផងដែរ អំពីអ្វីដែលក្រុមតាលីបង់បានប្តេជ្ញាទាំងជាសាធារណៈ និងឯកជនជាមួយអាមេរិក ស្តីអំពីការធានាសុវត្ថិភាពចំពោះការចាកចេញនៃជនជាតិអាមេរិក និងជនបរទេសនានា ព្រមទាំងជនជាតិអាហ្វហ្គានីស្ថានដែលស្ថិតក្នុងហានិភ័យ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើក្រុមតាលីបង់ពិតជាមានឆន្ទៈ ក្នុងការសហការដោះស្រាយបញ្ហាជាមួយអាមេរិកដែរ ឬមួយក៏យ៉ាងណានោះ ខណៈស្ថានការណ៍ទាំងមូលត្រូវបានគេមើលឃើញថា ពិតជាស្មុគស្មាញខ្លាំងណាស់៕