(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 ចំនួន ១.៦៣លានដូសរបស់ក្រុមហ៊ុនអាមេរិក Moderna បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីការរកឃើញសារធាតុកខ្វក់អាចចម្លងរោគ នៅក្នុងកូនដបវ៉ាក់សាំងជាច្រើនដែលមិនទាន់ប្រើ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

ក្រុមហ៊ុនឱសថជប៉ុន Takeda ដែលជាអ្នកទទួលបន្ទុកចែកចាយ និងលក់វ៉ាក់សាំង Moderna នៅក្នុងប្រទេសជប៉ុនបានឱ្យដឹងថាខ្លួនបានទទួលសេចក្ដីរាយការណ៍ ពីទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែងពីការរកឃើញសារធាតុកខ្វក់នៅក្នុងកូនដបវ៉ាក់សាំងដែលមិនទាន់បើកប្រើជាច្រើន។ ក្រុមហ៊ុន Takeda មិនបានបញ្ជាក់លម្អិត ថាវាគឺជាសារធាតុអ្វីឱ្យបា្រកដនោះទេ ដោយគ្រាន់តែអះអាងថាបានស្នើឱ្យខាងក្រុមហ៊ុន Moderna បើកការស៊ើបអង្កេតលើករណីនេះហើយ។ ក្រុមហ៊ុន Moderna ផ្ទាល់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយទេ រីឯក្រសួងសុខាភិបាលជប៉ុនបាននិយាយថានឹងធ្វើការជាមួយក្រមហ៊ុន Takeda ដើម្បីកុំឱ្យបញ្ហានេះបង្កការរាំងស្ទះ ឬរំខានដល់យុទ្ធនាការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ប្រជាជនជប៉ុន ៤៣ភាគរយហើយ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ប៉ុន្តែមួយរយៈពេលចុងក្រោយនេះករណីឆ្លង COVID-19 ប្រចាំថ្ងៃ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន ដោយសារតែវីរុសបំប្លែងថ្មី Delta ស្របពេលចំនួនអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះកើនដល់ ១៥,៥០០នាក់៕