(ប៉េកាំង)៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីចិនលោកស៊ី ជីនពីង បានព្រមព្រៀងគ្នាថា ប្រទេសរបស់ពួកគេទាំងពីរ នឹងបង្កើនកិច្ចប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹង«ការគំរាមកំហែង» ដែលកើតចេញពីវិបត្តិនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការចូលកាន់កាប់របស់ក្រុមតាលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានបង្ហាញពីការត្រៀមខ្លួន ក្នុងការបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម និងការជួញដូរគ្រឿងញៀនពីទឹកដីអាហ្វហ្គានីស្ថាន។

មេដឹកនាំទាំងពីរក៏បាននិយាយអំពី សារៈសំខាន់នៃការនាំមកនូវសន្តិភាពដល់អាហ្វហ្គានីស្ថាន ក៏ដូចជាការទប់ស្កាត់កុំឲ្យអស្ថិរភាពឆ្លងរាលដាលទៅកាន់តំបន់ជិតខាងផ្សេងទៀតផងដែរ ។

មិនតែប៉ុណ្ណោះ លោក ពូទីន និងលោក ស៊ី បានព្រមព្រៀង «ពង្រឹងទំនាក់ទំនងទ្វេភាគី» និងប្រើប្រាស់សក្តានុពលអតិបរមារបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនៅប្រទេសតាហ្ស៊ីគីស្ថាននៅខែក្រោយ៕