(វ៉ាស៊ីនតោន)៖ សេតវិមានបាននិយាយនៅព្រឹកថ្ងៃពុធនេះថា មនុស្សប្រមាណ ១៩,០០០ នាក់ត្រូវបានជម្លៀសចេញដោយប្រើយន្តហោះយោធា និងក្រុមចម្រុះអាមេរិកក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

មន្ទីរបញ្ចកោណអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា មានមនុស្សលើសពី ៥,០០០នាក់បានរងចាំឡើងយន្តហោះនៅឯអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុល ដែលឥឡូវនេះចាកចេញរៀងរាល់ ៤៥នាទីម្តង។

បន្ថែមពីលើនេះមន្ត្រីការពារជាតិអាមេរិកពីររូបបានប្រាប់ CNN ថា កងទ័ពអាមេរិកដំបូងគេបានចាប់ផ្តើមចាកចេញពីប្រទេស ខណៈបេសកកម្មជម្លៀសប្រជាជនចូលដល់សប្តាហ៍ចុងក្រោយហើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្តេជ្ញាថា នឹងមិនអូសបន្លាយពេលក្នុងការដកកងទ័ពអាមេរិកទាំងអស់ ចេញពីអាហ្វហ្កានីស្ថាន លើសកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី៣១ ខែសីហាខាងមុខនោះទេ បើទោះជាកំពុងរងសម្ពាធពីគ្រប់ទិសទី ដែលស្នើឱ្យលោកបន្ថែមពេលវេលា លើប្រតិបត្តិការជម្លៀសក៏ដោយ។

ទោះជាយ៉ាងណា លោក បៃដិន បានបញ្ជាក់ថា ការមិនបន្ថែមពេលវេលាលើប្រតិបត្តិការជម្លៀសនេះ គឺដោយសារតែមានការព្រួយបារម្ភពីការវាយប្រហារភេរវកម្ម លើអាកាសយានដ្ឋានទីក្រុងកាប៊ុល ពីសំណាក់ក្រុម ISIS នៅក្នុងអាហ្វហ្កានីស្ថាន ឬគេស្គាល់ថា ISIS-K៕