(ហ្សាការតា)៖ កងទ័ពជើងទឹកឥណ្ឌូនេស៉ី នាថ្ងៃពុធនេះបានឲ្យដឹងថា ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង និងក្រុមនាវិករបស់កប៉ាល់នោះ ដែលបានស្ថិតក្រោមការតាមចាប់ពីបទលួចយកប្រេងឆៅសរុបជិត៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន France24 នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ។

យោងតាមយោធាឥណ្ឌូណេស៉ី កប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos ដែលដោតទង់ជាតិបាហាម៉ា ត្រូវឃាត់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្បែរកោះស៊ូម៉ាត្រា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្នើឲ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ចេញសេចក្តីប្រកាសពណ៌ក្រហម ដើម្បីឲ្យមានការជួយធ្វើអន្តរាគមន៍ ក្នុងការតាមចាប់កប៉ាល់មួយគ្រឿងនោះ ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅរបស់កម្ពុជា។

ខាងកងទ័ពជើងទឹកឥណ្ឌូណេស៉ីបានបន្ថែមថា ខ្លួនកំពុងសួរចម្លើយក្រុមនាវិករបស់កប៉ាល់នោះ ដែលមានជនជាតិឥណ្ឌា១៣នាក់, ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់។ កប៉ាល់ដឹកប្រេងនោះ បានធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam និងបានបិទប្រព័ន្ធបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ហើយចតដោយខុសច្បាប់នៅក្នុងដែនទឹករបស់ឥណ្ឌូណេស៉ី។

កប៉ាល់ដឹកប្រេងខាងលើត្រូវបានជួលដោយក្រុមហ៊ុនសិង្ហបុរី KrisEnergy សម្រាប់ផ្ទុកប្រេង ដោយក្រុមហ៊ុននេះ បានសហការជាមួយកម្ពុជា ជុំវិញគម្រោងបូមប្រេងរបស់កម្ពុជា ក្នុងប្លុក A តំបន់អប្សរា។ ប៉ុន្តែកាលពីខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន ដោយមិនអាចសងបំណុល ហើយត្រូវបានអះអាងថាក្រុមហ៊ុននេះ នៅជំពាក់ប្រាក់ក្រុមនាវិករបស់កប៉ាល់ MT Strovolos។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះថា «យើងបានដាក់ពាក្យបណ្តឹងទៅកាន់ភាគីឥណ្ឌូនេស៉ីរួចហើយ តាមរយៈក្រសួងការបរទេសរបស់យើង ឥឡូវនេះភាគីឥណ្ឌូនេស៉ីកំពុងចាត់ការ»

សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេង លើកដំបូងរបស់ខ្លួន ស្ថិតនៅតំបន់ប្លុក A ដែនសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy របស់សិង្ហបុរី ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ អ្វីដែលគួរឲ្យសោកស្តាយនោះ បរិមាណប្រេងកាត ដែលបូមចេញពីអណ្តូងទាំង៥ នៃតំបន់អប្សរា ក្នុងប្លុក A មានបរិមាណតិចខុសពីការរំពឹងទុក។ ក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន ព្រោះតែមិនអាចស្រោចស្រង់ នូវបញ្ហាបំណុលរបស់ខ្លួនបាន។

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ឧស្សាហកម្មប្រេង និងឧស្ម័នលើកដំបូងរបស់កម្ពុជា ប្រហែលជាបរាជ័យហើយ ដោយសារតែបរិមាណនៃការទាញយកប្រេងឆៅ មានកម្រិតតិចតួច ខុសការរំពឹងទុក ហើយក្រុមហ៊ុនវិនិយោគបានប្រកាសក្ស័យធនផងដែរ។ តាមការវាយតម្លៃ ការបូមប្រេងឆៅនៅអណ្តូងទាំង៥ តំបន់អប្សរា ប្លុក A រំពឹងថាក្នុង១ថ្ងៃបូមបាន៧០០០បារ៉ែល តែទីបំផុត ១ថ្ងៃបានតែ១ពាន់បារ៉ែលប៉ុណ្ណោះ៕