(អ៉ីស្លាម៉ាបាដ)៖ ខណៈពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បាននិងកំពុងព្យាយាមចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ ឡើងគ្រប់គ្រងអំណាច ជនភៀសខ្លួនអាហ្វហ្គានីស្ថានមួយចំនួន ដែលកំពុងជ្រកកោននៅក្នុងប្រទេសប៉ាគីស្ថាន បែរជាមានបំណងវិលត្រឡប់ ទៅប្រទេសកំណើតពួកគេវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

ព្រោះតែភ័យខ្លាចអំពីរបបដឹកនាំដ៏តឹងរ៉ឹង នៅក្រោមក្រុមតាលីបង់ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនពាន់ននាក់ បាននិងកំពុងព្យាយាមរត់ចេញពីប្រទេសរបស់ពួកគេ ដោយទិដ្ឋភាពចលាចលមួយចំនួន បានកើតឡើងនៅអាកាសយានដ្ឋាន នៃទីក្រុងកាប៊ុលថែមទៀតផង។ ប៉ុន្តែ ទន្ទឹមគ្នានេះ គ្រួសារជនភៀសខ្លួនអាហ្វហ្គានីស្ថានមួយចំនួន នៅក្នុងប្រទេសប៉ាគីស្ថាន កំពុងចង់ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើត វិញ ដោយពួកគេជឿថា ក្រុមតាលីបង់នឹងនាំមកនូវស្ថិរភាព ឲ្យប្រទេសដែលរងគ្រោះដោយសារសង្រ្គាមមួយនេះ។

ជនភៀសខ្លួនអាហ្វហ្គានីស្ថានទាំងនោះ បាននិយាយថា ពួកគេបានភៀសខ្លួនពីអាហ្វហ្គានីស្ថាន ទៅកាន់ប៉ាគីស្ថាន កំលុងការបំផ្ទុះគ្រាប់បែក ដែលកើតមានជាញឹកញាប់ កំលុងវត្តមានរបស់កងទ័ពបរទេស ប៉ុន្តែឥឡូវស្ថានការណ៍បានវិលរកភាពប្រក្រតីវិញ ពោលគឺលែងមានការប្រយុទ្ធគ្នាតទៅទៀត ។ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន បានបន្តថា តាមរយៈការឡើងគ្រប់គ្រងប្រទេសរបស់ក្រុមតាលីបង់ សន្តិភាពត្រូវបានបង្កើតឡើង ដូច្នេះពួកគេយល់ឃើញថា នឹងមានជីវិតរស់នៅប្រសើរជាងមុន នៅអាហ្វហ្គានីស្ថាន ដែលជាប្រទេសកំណើតពួកគេ ជាងនៅប៉ាគីស្ថាន។

គួរបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ន ប៉ាគីស្ថានបានទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន សរុបជាង២លាននាក់ ឲ្យជ្រកកោន ខណៈតួលេខនេះបានប្រែប្រួលចុះឡើង ដោយអាស្រ័យលើស្ថានការណ៍ នៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជារឿយៗបានអះអាងថា ពួកគេមិនត្រួវបានស្វាគមន៍ឡើយ ហើយមានឱកាសតិចតូចបំផុត ក្នុងការទទួលបានការងារ និងសិទ្ធិចូលសញ្ជាតិ នៅប៉ាគីស្ថាន៕