(ញូដេលី)៖ ប្រទេសឥណ្ឌាបានដឹកមនុស្សចំនួន ៧៨នាក់ទៀតចេញពីអាហ្វហ្គានីស្ថាន ដោយពួកគេបានមកដល់អាកាយានដ្ឋានអន្តរជាតិ អ៊ីឌីរ៉ា ហ្គាន់ឌី (Indira Gandhi) នៃរដ្ឋធានីញូដេលីកាលពីថ្ងៃអង្គារម្សិលមិញ ហើយនៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ ១៦នាក់ក្នុងចំណោមពួកគេត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ប្រទេសឥណ្ឌាបានដាក់ឲ្យជនភៀសខ្លួនមកពីអាហ្វហ្គានីស្ថាន ឲ្យធ្វើចត្តាឡីស័កពេលមកដល់ទឹកដីខ្លួន ដើម្បីបង្ការការឆ្លងរាតត្បាត COVID-19 ហើយការធ្វើតេស្តត្រូវបានធ្វើឡើង និងចេញលទ្ធផលដូចខាងលើនេះតែម្តង។ បើតាមអាជ្ញាធរឥណ្ឌា អ្នកផ្ទុកវីរុស COVID-19 ទាំង ១៦នាក់នោះ សុទ្ធតែជាជនជាតិអាហ្វហ្គានីស្ថាន និងមិនមានចេញរោគសញ្ញានោះឡើយ។

គួរបញ្ជាក់ថា ជាងមួយសប្តាហ៍មកនេះ ប្រទេសឥណ្ឌាបានជួយជម្លៀសមនុស្សសរុប ៦២៦នាក់ហើយ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយក្នុងនោះ ២២៨នាក់ជាជនជាតិឥណ្ឌា និង ៧៧នាក់ជាជនជាតិអាហ្វហ្គានីស្ថាន។ បើតាមអាជ្ញាធរឥណ្ឌា អ្នកធ្វើដំណើរមកពីអាហ្វហ្គានីស្ថានទាំងអស់ នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករក COVID-19 នៅក្នុងរយៈពេល ១៤ថ្ងៃ៕