(លីសបោន)៖ កាសែតប្រចាំថ្ងៃរបស់ប្រទេសព័រទុយហ្កាល់ Diario de Noticicas នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវមួយក្រុម នៅប្រទេសព័រទុយហ្កាល់ បានរកឃើញថ្នាំដែលមានស្រាប់ចំនួន ០៣ប្រភេទ ដែលអាចជួយទប់ស្កាត់ផលប៉ះពាល់នៃជំងឺ COVID-19 បាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

ក្នុងអំឡុងពេលស្រាវជ្រាវមុនការធ្វើតេស្ត ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានគីមី និងជីវបច្ចេកវិទ្យានៃសាកលវិទ្យាល័យណូវ៉ា (NOVA) ដែលស្ថិតនៅទីក្រុងលីសបោន(Lisbon) នៃប្រទេសព័រទុយហ្កាល់ បានរកឃើញថា ការរួមបញ្ចូលគ្នានៃថ្នាំទាំង ០៣ប្រភេទនោះ អាចកាត់បន្ថយការបំបែកខ្លួននៃវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺ COVID-19 នៅក្នុងរាងកាយ បានប្រហែលជា ៥០ភាគរយ។

លោកស្រី Cecilia Arraiano ដែលអ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវខាងលើ បាននិយាយថា «ជាមួយនឹងការរួមបញ្ចូលគ្នានៃថ្នាំទាំង ០៣ប្រភេទនោះ យើងបានកំណត់ថា វីរុស SARS-CoV-2 អាចបំបែកខ្លួនវាបានតែ ៥០ភាគរយប៉ុណ្ណោះ។ លោកស្រីបានសំគាល់ថា ការរួមបញ្ចូលគ្នានៃថ្នាំទាំង៣ អាចធ្វើសកម្មភាពឆ្លើយតបចំពោះ Nsp14 ដែលជាប្រូតេអ៊ីនទទួលខុសត្រូវក្នុងការបំបែកខ្លួនរបស់វីរុស ដើម្បីទប់ទល់សកម្មភាពរបស់វា។ បើតាមក្រុមអ្នកស្រាវជ្រាវខាងលើ ថ្នាំទាំងនេះ អាចជាវិធីសាស្រ្តព្យាបាលមួយ ដែលជួយកាត់បន្ថយអត្រាអ្នកជំងឺត្រូវព្យាបាលនៅមន្ទីរពេទ្យបាន។

លោកស្រី Cecilia Arraiano បានបន្ថែមជាចុងក្រោយថា ក្រុមអ្នកស្រាវជ្រាវបានចំណាយពេល០៩ខែ ទើបបានរកឃើញលទ្ធផលនេះ ហើយឥឡូវលោកស្រីសង្ឃឹមថា នឹងមានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីជំរុញការស្រាវជ្រាវបន្តទៅមុខ៕