(ស៊ីដនី)៖ ករណីឆ្លងជំងឺ COVID-19 នៅក្នុងទីក្រុងស៊ីដនី បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីរដ្ឋញូសោតវែលស៍ (New South Wales) តែឯង បានប្រកាសរកឃើញអ្នកឆ្លងចំនួន ៩១៩នាក់ទៀតកាលពីអំលុង ២៤ម៉ោងមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ប្រការខាងលើនេះ បាននិងកំពុងបង្កើនបន្ទុកដល់មន្ទីរពេទ្យនានា ជាពិសេសនៅទីក្រុងស៊ីដនី កាន់តែជួបភាពកកស្ទះខ្លាំងឡើងៗ ចំពោះមុខករណីឆ្លងវីរុសបំប្លែងខ្លួន Delta កើនឡើងជាលំដាប់។ សម្រាប់រដ្ឋ New South Wales ដែលមានទីក្រុងស៊ីដនីនៅក្នុងនោះ គេបានមើលឃើញអ្នកជំងឺ ១១៣នាក់មានអការៈធ្ងន់ធ្ងរ និងកំពុងស្ថិតនៅក្នុងការថែទាំងយ៉ាងដិតដល់ នៅតាមមន្ទីរពេទ្យ ហើយក្នុងចំណោមពួកគេនោះ ៩៨នាក់គឺមិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 នោះឡើយ។

អាជ្ញាធរសុខាភិបាលរដ្ឋ New South Wales បានថ្លែងនៅថ្ងៃពុធនេះថា តួលេខអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យ ជាមួយនិងស្ថានភាពធ្ងន់ធ្ងរខាងលើនេះ ពិតជាបង្ហាញយ៉ាងច្បាស់ថា «ការចាក់វ៉ាក់សាំងពិតជាចាំបាច់់បំផុត» ក្នុងការការពារខ្លួនពីជំងឺ COVID-19 ជាពិសេសគឺវីរុសបំប្លែងខ្លួន Delta នោះតែម្តង។ គិតត្រឹមដើមសប្តាហ៍នេះ ៣១% នៃប្រជាជនអូស្ត្រាលីដែលមានអាយុ ១៦ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស និង ៥៤% បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីដែលមានប្រជាជនសរុបជាង ២៥លាននាក់ បានរកឃើញករណីឆ្លង COVID-19 សរុប ៤៦,៧១៦ករណី ក្នុងនោះស្លាប់ ៩៨៦នាក់ និងជាសះស្បើយវិញ ៣២,៤៦៩នាក់៕