(ញូយ៉ក)៖ សារព័ត៌មានអាមេរិក CNN បានរាយការណ៍កាលពីដើមសប្ដាហ៍នេះថា ប្រទេសចិននឹងអាចក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលអាចគ្រប់គ្រងការឆ្លងរាតត្បាតនៃវីរុស COVID-19 បំប្លែងខ្លួន Delta បានសម្រេច ព្រោះគ្មានករណីឆ្លងក្នុងសហគមន៍ថ្មីៗ ត្រូវបានរាយការណ៍នោះឡើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

CNN បានគូសបញ្ជាក់ថា ការផ្ទុះឡើងនៃវីរុស COVID-19 បំប្លែងខ្លួន Delta នាពេលថ្មីៗនេះ គឺជា «បញ្ហាប្រឈមដ៏ធំបំផុត ចំពោះគោលនយោបាយសូន្យករណីរបស់ប្រទេសចិន»។ អាជ្ញាធរចិនបានឆ្លើយតបចំពោះវីរុសដ៏កាចសាហាវនេះ ដោយដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ក៏ដូចជាការធ្វើតេស្តរកវីរុសនេះ និងការតាមដានរកវីរុសនេះ និងការរឹតត្បឹតលើការធ្វើដំណើរក្នុងស្រុកជាដើម។

CNN បាននិយាយបន្ថែមថា «វិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ហាក់ដូចជាកំពុងដំណើរការ»។ ករណីឆ្លងប្រចាំថ្ងៃ បានធ្លាក់ចុះជាលំដាប់ ក្នុងរយៈពេល ០១សប្តាហ៍ចុងក្រោយនេះដោយធ្លាក់ចុះពីជាង ១០០ករណី ដែលជាចំណុចកំពូលរបស់ខ្លួនកាលពី ០២សប្តាហ៍មុនមកនៅត្រឹមតែប៉ុន្មានករណីប៉ុណ្ណោះ។

ប្រទេសចិននៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២១ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីនាំចូលទាំងអស់ ដោយគ្មានករណីឆ្លងក្នុងសហគមន៍ឡើយ ដែលនេះគឺជាលើកដំបូងហើយ ដែលប្រទេសនេះមិនបានរាយការណ៍ ពីការរកឃើញករណីឆ្លងក្នុងសហគមន៍ គិតចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

គួរបញ្ជាក់ថា អាជ្ញាធរចិនបានដាក់ចេញ នូវវិធានការដាក់ឲ្យនៅដាច់ដោយឡែក ដ៏តឹងរ៉ឹងបំផុតសម្រាប់អ្នកដំណើរដែលមកដល់ប្រទេសនេះ និងបានដាក់ចេញនូវវិធានការបិទខ្ទប់ ការធ្វើតេស្ត និងការតាមដាន ដើម្បីកំចាត់រាល់ករណីឆ្លងដែលនៅសេសសល់ តាមរយៈការការពារ។ អស់រយៈពេលជាង ០១ឆ្នាំមកនេះ វិធានការទាំងនេះទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការរក្សាករណីឆ្លងមកនៅត្រឹមជិតសូន្យករណី។

បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៩៤,៧០៧ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៨,៤៩៦នាក់៕