(ប៉េកាំង)៖ ថ្ងៃទី២៣ ខែសីហា ជា “ទិវារំលឹកការលុបបំបាត់ការជួញដូរទាសករស្បែកខ្មៅ” ដែលកំណត់ដោយអង្គការសហប្រជាជាតិ។ ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើចគឺ សហរដ្ឋអាមេរិកដែលជា “អ្នកជួញដូរមនុស្ស” បានចេញផ្សាយអ្វីដែលហៅថា “របាយការណ៍ស្តីពីការជួញដូរមនុស្ស” ប្រចាំឆ្នាំនៅពេលថ្មីៗកន្លងទៅនេះ ដោយដាក់ប្រទេសខ្លួនចូលក្នុង “បញ្ជីឆ្នើមបំផុតនៃប្រទេសដែលគ្មានការជួញដូរមនុស្ស” ការដែលអាមេរិកលេងកលល្បិចស្តង់ដារពីរយ៉ាងគឃ្លើនម្តងទៀត ធ្វើឱ្យពិភពលោកមើលងាយយ៉ាងខ្លាំង។

របបទាសករ និងការជួញដូរទាសករជាទង្វើបំពានសិទ្ធិមនុស្សដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងនោះ ការជួញដូរទាសករឆ្លងមហាសមុទ្រអាត្លង់ទិក គឺជាប្រវត្តិប្រឡាក់ដោយឈាមមួយ។ ក្នុងរយៈពេលប្រហែល ៤០០ឆ្នាំ ពីសតវត្សរ៍ទី ១៦ ដល់សតវត្សរ៍ទី ១៩ ទាសករអាហ្វ្រិកចំនួនជាង ១០លាននាក់ត្រូវបានដឹកជញ្ជូនទៅដល់ “តំបន់ដីគោកថ្មី” នៃទ្វីអាមេរិកតាមរយៈ “ខ្សែនាវាចរណ៍កណ្តាលនៃមហាសមុទ្រអាត្លង់ទិក” ដែលគួរឱ្យភ័យខ្លាច។ ចាប់តាំងពីកាលនោះមក ពួកគេបានបាត់បង់ឈ្មោះ អត្តសញ្ញាណនិងសិទ្ធិ និងផលប្រយោជន៍ដែលមនុស្សគួរតែមានទាំងអស់ ដោយបានរងការគាបសង្កត់ និងទារុណកម្មយ៉ាងឃោរឃៅ។ “ប្រទេសដ៏ខ្លាំងក្លាបំផុតលើពិភពលោក” នាបច្ចុប្បន្ននេះគឺបានបង្កើតឡើង ដោយការជិះជាន់លើខ្នងទាសករហ្នឹងឯង។
តើសហរដ្ឋអាមេរិកមានលក្ខណៈសម្បត្តិអ្វីមកនិយាយអំពី “សិទ្ធិមនុស្ស”? ហើយមានក្តីក្លាហានអ្វីមកនិយាយឆ្កាដៃឆ្កាជើង ចំពោះប្រទេសដទៃ?

ការជួញដូរទាសករស្បែកខ្មៅជាឧក្រិដ្ឋកម្មដើម នៃពួកអាណានិគមនេះ មិនគួរត្រូវបំភ្លេចបាននោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយគឺ ប្រវត្តិសាស្ត្រនៃពាណិជ្ជកម្មជួញដូរទាសករ អស់រយៈពេលរាប់រយឆ្នាំ បានយកការព្រងើយកន្តើយនឹងសិទ្ធិមនុស្ស និងការរើសអើងពូជសាសន៍ចារឹតក្នុងហ្សែនអាមេរិក ដែលបានក្លាយជាបញ្ហាជាប្រព័ន្ធ ដែលពិបាកនឹងលុបបំបាត់របស់អាមេរិក។

គិតរហូតដល់សព្វថ្ងៃនេះ ជនជាតិភាគតិចដែលក្នុងនោះ បូករួមទាំងពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក នៅតែរងការរើសអើងនៅគ្រប់ទីកន្លែងដដែល។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺ គិតមកទល់បច្ចុប្បន្ននេះ បាតុភូតជួញដូរមនុស្ស និងបង្ខំឱ្យធ្វើពលកម្មនៅតែមានជាច្រើននៅសហរដ្ឋអាមេរិក ហើយជនជាតិភាគតិចកាន់តែងាយក្លាយជាជនរងគ្រោះ។

ពីចុងឆ្នាំ២០០៧ ដល់ចុងឆ្នាំ២០១៩ សំណុំរឿងដែលបានរាយការណ៍ទៅកាន់ខ្សែទូរស័ព្ទ សម្រាប់ហៅចូលជាបន្ទាន់ ២៤ម៉ោងអំពីការជួញដូរមនុស្ស នៅទូទាំងសហរដ្ឋអាមេរិកសរុបមានចំនួន ៦៣,៣៨០លើក។
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសិទ្ធិមនុស្សនៃវិទ្យាស្ថាន Berkeley នៃសកលវិទ្យាល័យកាលីហ្វ័រញ៉ា ធ្លាប់ចេញផ្សាយរបាយការណ៍ក្រោមចំណងជើងថា «ទាសករលាក់ខ្លួន៖ បាតុភូតបង្ខំឱ្យធ្វើពលកម្មនៅសហរដ្ឋអាមេរិក» ដោយបង្ហាញថា មិនថានៅរយៈពេលណាមួយនៃសហរដ្ឋអាមេរិកក៏ដោយ ក៏សុទ្ធតែមានមនុស្សយ៉ាងហោចណាស់ ១ម៉ឺននាក់ត្រូវគេបង្ខំធ្វើពលកម្ម។

ការពិតដែលកាន់តែគួរឱ្យភ័យខ្លាចគឺ មិនថាការជួញដូរមនុស្ស ឬក៏ការបង្ខំឱ្យធ្វើពលកម្ម តួលេខដែលត្រូវលើកឡើងទាំងនេះ ប្រហែលគ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ ។
កំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់បំផុតរបស់សហរដ្ឋអាមេរិក នាំឱ្យមានពាក្យ «មនុស្សកើតមកមានសិទ្ធិស្មើគ្នា» ក្នុង «សេចក្តីប្រកាសឯករាជ្យ» របស់សហរដ្ឋអាមេរិក មានភាពខុសគ្នាយ៉ាងស្រឡះជាមួយនឹងការពិត។ អ្វីដែលហៅថា «ចៅក្រមសិទ្ធិមនុស្ស» គួរតែកាត់ក្តីខ្លួនឯងជាមុនសិន ពីព្រោះវាគ្មានលក្ខណៈសម្បត្តិអីមកនិយាយឆ្កាដៃឆ្កាជើង ចំពោះប្រទេសដទៃទៀតទាល់តែសោះ៕ (#CCFR Comment#)