(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៤១៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,២៧១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៤៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៩៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២១,១៨៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១០២,៣៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ១០,០៨៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩០៣,០១៥នាក់។ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕