(វ៉ាស៉ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអះអាងថា សហរដ្ឋអាមេរិកនឹងអាចគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 បាននៅដើមឆ្នាំ២០២២ខាងមុខនេះ ប្រសិនបើមនុស្សកាន់ច្រើន បានទទួលការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

ការអះអាងខាងលើនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer បានទទួលការអនុម័តឱ្យប្រើប្រាស់ពេញលេញ (មិនមែនក្នុងគ្រាបន្ទាន់ដូចមុនទៀត) ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ជាមួយនឹងការត្រៀមអនុម័តវ៉ាក់សាំងបន្ថែមទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Fauci បានថ្លែងនៅក្នុងបទសម្ភាសន៍ ចេញពីសេតវិមានថា ការអនុម័តឱ្យប្រាស់ប្រាស់ពេញលេញចំពោះវ៉ាក់សាំង Pfizer ពី FDA បានត្រួសត្រាយផ្លូវឱ្យមនុស្សកាន់តែច្រើន ទទួលបានការចាក់វ៉ាក់សាំង ជាមួយនឹងសក្តានុពលនៃការអនុម័តឱ្យប្រើប្រាស់ពេញលេញ ចំពោះវ៉ាក់សាំង Moderna បន្ថែមទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ និងការអនុម័តឱ្យប្រើប្រាស់លើកុមារតូចៗនៅរដូវស្លឹកឈើជ្រុះ។

លោក Fauci បាននិយាយបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់ប្រជាជននៅក្នុងប្រទេស ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងឱ្យដឹងថា យើងមានសមត្ថភាពក្នុងការកាត់បន្ថយពេលវេលា ដើម្បីឈានដល់ទីបញ្ចប់នៃជំងឺឆ្លងរាតត្បាតនេះ។ ខ្ញុំគិតថា នេះជាឱកាសសមរម្យហើយ ដែលវ៉ាក់សាំង Pfizer និង Moderna អាចទទួលបានការអនុម័តឱ្យប្រើប្រាស់លើកុមារអាយុក្រោម ១២ឆ្នាំពី FDA នៅមុនរដូវឈប់សម្រាកនាពេលខាងមុខនេះ។ ខ្ញុំសង្ឃឹមថា គឺនៅពាក់កណ្តាលរដូវស្លឹកឈើជ្រុះ និងដើមរដូវរងារ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងនឹងរលកថ្មី នៃការផ្ទុះឡើងនូវករណីឆ្លងជាច្រើនករណី ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស។ ការចូលសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ក៏កំពុងកើនឡើងយ៉ាងគំហុកផងដែរ ជាពិសេសនៅរដ្ឋផ្លរីដា (Florida), មីស៊ីស៊ីពពី (Mississippi), ល្វីស្យាណា (Louisiana), តិចសាស់ (Texas) និងផ្នែកផ្សេងទៀតនៃសហរដ្ឋអាមេរិកខាងត្បូង៕