(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងមិនអូសបន្លាយពេលក្នុងការដកកងទ័ពអាមេរិកទាំងអស់ ចេញពីអាហ្វហ្កានីស្ថាន លើសកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី៣១ ខែសីហាខាងមុខនោះទេ បើទោះជាកំពុងរងសម្ពាធពីគ្រប់ទិសទី ដែលស្នើឱ្យលោកបន្ថែមពេលវេលា លើប្រតិបត្តិការជម្លៀសក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

តាមរយៈសុន្ទរកថាចេញពីសេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ចូ បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នយើងកំពុងស្ថិតនៅលើល្បឿនមួយ ក្នុងការបញ្ចប់ប្រតិបត្តិការជម្លៀស ឱ្យបានមុនថ្ងៃទី៣១ ខែសីហា ហើយយើងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈពីមួយថ្ងៃទៅមួយថ្ងៃ ប្រតិបត្តិការនេះកំពុងបង្កហានិភ័យដល់កងទ័ពរបស់យើង»

ការលើកឡើងបែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបពិភាក្សាការងារតាមវីដេអូ ជាមួយមេដឹកនាំក្រុមប្រទេស G7 ដែលបានដាក់សម្ពាធឱ្យសហរដ្ឋអាមេរិក បន្តរក្សាកងទ័ពនៅឯអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល លើសកាលបរិច្ឆេទដែលលោក បៃដិន បានកំណត់។

ទោះជាយ៉ាងណា លោក បៃដិន បានបញ្ជាក់ថា ការមិនបន្ថែមពេលវេលាលើប្រតិបត្តិការជម្លៀសនេះ គឺដោយសារតែមានការព្រួយបារម្ភពីការវាយប្រហារភេរវកម្ម លើអាកាសយានដ្ឋានទីក្រុងកាប៊ុល ពីសំណាក់ក្រុម ISIS នៅក្នុងអាហ្វហ្កានីស្ថាន ឬគេស្គាល់ថា ISIS-K។

គួរបញ្ជាក់ថា គិតជាសរុបមនុស្ស ២១,៦០០នាក់ហើយ ត្រូវបានជម្លៀសចេញពីរដ្ឋធានីកាប៊ុលក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ តាមរយៈយន្ដហោះអាមេរិក និងសម្ព័ន្ធមិត្ត ហើយបើតាមលោក ចូ បៃដិន កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ មនុស្សជិត ១២,០០០នាក់ត្រូវបានជម្លៀស ក្នុងនោះមាន ៦,៤០០នាក់ ត្រូវជម្លៀសចេញពីអាហ្វហ្កានីស្ថាន តាមយន្ដហោះយោធាអាមេរិក៕