(កាប៊ុល)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមតាលីបង់បានប្រកាសពីការតែងតាំង អគ្គមេបញ្ជាការយោធារបស់ខ្លួនម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារដ៏ល្បីល្បាញរបស់អាមេរិក ហ្គាន់តាណាម៉ូ (Guantanamo) ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិស្តីទី នៅក្នុងរដ្ឋាភិបាលរបស់ក្រុមខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Jazeera នាព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់ដែលទើបត្រូវបានតែងតាំងខាងលើនេះមានឈ្មោះថា មូលឡោះ អាប់ឌុល ខាយយូម ហ្សាខៀ (Mullah Abdul Qayyum Zakir) អាយុ ៤៨ឆ្នាំ គឺជាសមាជិកក្រុមតាលីបង់ ដែលធ្លាប់ជាប់ពន្ធនាគារ Guantanamo របស់សហរដ្ឋអាមេរិក និងត្រូវបានដោះលែងវិញកាលពីឆ្នាំ២០០៧ ដោយអតីតរដ្ឋបាលលោកប្រធានាធិបតី ចច ដាប៊ែលយូ ប៊ូស។ លោកត្រូវបានចាប់ខ្លួនដោយទាហានអាមេរិក ក្រោយការវាយលុកចូលប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំ២០០១។

បើតាមប្រវត្តិសំខាន់ៗរបស់លោក Zakir លោកបានពាក់ស្លាកលេខ ៨ នៅក្នុងពន្ធនាគារ Guantanamo ស្ថិតលើដែនកោះគុយបា ហើយលោកត្រូវបានដោះលែងវិញ បន្ទាប់ពីបានបញ្ជាក់ប្រាប់អាជ្ញាធរអាមេរិកថា លោកគ្មានបំណងអ្វីក្នុងការចូលក្នុងទីលានប្រយុទ្ធ ជាមួយក្រុមតាលីបង់ទៀតឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក Zakir ត្រូវបានគេដឹងថា បានត្រលប់ទៅអាហ្វហ្គានីស្ថានវិញ ហើយបានចូលរួមការប្រយុទ្ធដោយផ្ទាល់ក្នុងខេត្ត ហែលមែនដ៍ (Helmand) ហើយបន្ទាប់មកទើបក្លាយជាអគ្គមេបញ្ជាការយោធា នៃក្រុមតាលីបង់តែម្តង៕