(ប៉េកាំង)៖ បន្ទាប់ពីនាវាយោធាអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មីម្តងទៀត ក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិចិន បានចេញមុខប្រតិកម្មខ្លាំងៗ ដោយថ្កោលទោសទង្វើនេះ ថាជាសកម្មភាពបង្កហេតុនិងប្រកបដោយគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។

លោក ស្ស៉ី យី (Shi Yi) អ្នកនាំពាក្យយោធាចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយដូច្នេះថា «សកម្មភាពបង្កហេតុស្រដៀងគ្នាជាញឹកញាប់របស់សហរដ្ឋអាមេរិក បង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ថា អាមេរិកគឺជាអ្នកបំផ្លាញសុខសន្តិភាព និងស្ថិរភាពធំបំផុតនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ និងអ្នកបង្កើតហានិភ័យផ្នែកសន្តិសុខធំជាងគេបង្អស់ផងដែរ នៅតំបន់នេះ»។

បើតាមលោក ស្ស៉ី នាវាចម្បាំងអាមេរិក យូអេសអេស បេនហ្វូល (USS Benfold) ត្រូវបានតាមដានដោយកងកម្លាំងដែនសមុទ្រ និងដែនអាកាសរបស់ចិន នៅពេលនាវាយោធានេះ ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលនៅចន្លោះប្រទេសចិន និងកោះតៃវ៉ាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ។ អ្នកនាំពាក្យយោធាចិន បានសង្កត់ធ្ងន់ថា កងទ័ពចិនត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបចំពោះការគំរាមកំហែង និងការបង្កហេតុនានា ហើយប្តេជ្ញាការពារអធិបតេយ្យជាតិ ព្រមទាំងបូរណភាពទឹកដីរបស់ប្រទេសចិន។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ប្រទេសចិន ដូច្នេះហើយបញ្ហាវិវាទរវាងភាគីទាំងពីរ គឺជាកិច្ចផ្ទៃក្នុងសុទ្ធសាធ។ ចិនចាត់ទុកបរទេសណា ដែលមកជ្រៀតជ្រែកក្នុងបញ្ហានេះ គឺជាការលូកដៃរឿងផ្ទៃក្នុងរបស់ខ្លួន ដែលពុំអាចទទួលយកបានដាច់ខាត។

សរុបមកទល់ឥឡូវ ក្នុងឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកបានចល័តនាវាយោធាសរុប៧លើកហើយ ឲ្យទៅឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ កាលពីឆ្នាំមុនវិញ យោធាចម្បាំងអាមេរិកសរុប១៥គ្រឿង បានឆ្លងកាត់តំបន់ច្រកសមុទ្រនេះ ខណៈកាលពីឆ្នាំ២០១៩ គឺមានចំនួនត្រឹម៩លើក៕