(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសពីភាពអាសន្ន នៃបញ្ហាកង្វះគ្រែសម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានា និងកន្លែងសម្រាប់ធ្វើចត្តាឡីស័កនៅទីក្រុងបាងកក ខណៈចំនួនករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ បានបំបែកកំណត់ត្រាថ្មីផ្ទួនៗ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។

 ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងតែពុះពារប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃរលកឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានជំរុញដោយវីរុសបម្លែងខ្លួនថ្មី Delta ខណៈករ ណីករណីឆ្លង និងស្លាប់កើនឡើងយ៉ាងគំហុក ហើយប្រព័ន្ធថែទាំសុខភាពកំពុងជួបការលំបាកខ្លាំង។

 បើទោះបីជា ខេត្តដែលរងគ្រោះខ្លាំងបំផុតត្រូវបានដាក់ឱ្យស្ថិតនៅក្រោមវិធានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ និងបំរាមគោចរពេលយប់ក៏ដោយ ក៏ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះបានកត់ត្រាកំណត់ត្រាថ្មី ដោយបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ១៧,៦៦៩ករណី និងស្លាប់ ១៦៥នាក់ក្នុងមួយថ្ងៃ។

លោក Somsak Akkasilp អគ្គនាយក នៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ត នៃក្រសួងសុខាភិបាលថៃបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា «ខ្ញុំនិយាយដោយត្រង់ទៅ យើងមិនមានគ្រែគ្រប់គ្រាន់នៅក្នុងមន្ទីរពេទ្យ (សម្រាប់អ្នកជំងឺកូវីដ១៩)ទេ»។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៦១,០៣០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៥៦២នាក់ និងអ្នកជាសះស្បើយ ៣៧០,៤៧២នាក់។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញនោះ ប្រទេសថៃបានទទួលស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕