(ស៉ីដនី)៖ ប៉ូលិសនៅទីក្រុងស៉ីដនីនៃប្រទេសអូស្រ្តាលី បានសម្រេចស្នើសុំកម្លាំងពីយោធា ដើម្បីជួយពង្រឹងវិធានការបិទខ្ទប់ប្រឆាំង COVID-19 ស្របពេលដែលអត្រាឆ្លងរាលដាល នៅក្នុងទីក្រុងនេះ បានឈានដល់កំណត់ត្រាថ្មីមួយ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។

ស្នងការប៉ូលិសរដ្ឋ ញូសោតវែល (New South Wales) លោក មីគ ហ៊្វូលើ (Mick Fuller) បានថ្លែងថា ប៉ូលិសនៃទីក្រុងស៉ីដនី បានស្នើសុំឲ្យ កងកម្លាំងការពារជាតិអូស្រ្តាលីចំនួន៣០០នាក់ ត្រូវដាក់ពង្រាយ ដើម្បីពង្រឹងការគោរពវិធានការបិទខ្ទប់ប្រឆាំង COVID-19 នៅក្នុងទីក្រុង ដែលមានមនុស្សរស់ប្រមាណ៥លាននាក់នេះ។

បច្ចុប្បន្ន ទីក្រុងស៉ីដនី កំពុងស្ថិតក្នុងសប្តាហ៍ទី៥ នៃការអនុវត្តវិធានការបិទខ្ទប់ ដែលនឹងត្រូវបញ្ចប់នៅចុងខែសីហា ខាងមុខ។ ប៉ូលិសទីក្រុង ស៉ីដនីបានសង្កេតឃើញថា បទបញ្ជាកុំឲ្យចេញពីផ្ទះ មិនសូវប្រសិទ្ធភាពក្នុងការជួយកាត់បន្ថយករណីឆ្លង ហើយប្រជាជនហាក់មិនគោរព វិធានការឲ្យបានត្រឹមត្រូវផងដែរ ទោះបីមានការផាកពិន័យក៏ដោយ។

អ្នករស់នៅក្នុងទីក្រុងស៉ីដនី ត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះ សម្រាប់តែសកម្មភាពមួយចំនួនប៉ុណ្ណោះ រួមមានហាត់ប្រាណ បំពេញការងារប្រភេទចាំបាច់ មូលហេតុសុខភាព និងទិញស្បៀងអាហារ ក៏ដូចជាសម្ភារៈចាំបាច់ផ្សេងៗ។ ប៉ុន្តែប៉ុន្មានសប្តាហ៍មកនេះ នៅតាមសួនច្បារ ឆ្នេរ និងទីធ្លាសាធារណៈ គឺពោរពេញទៅដោយមនុស្សអង្គុយផឹកកាហ្វេ និងជជែកគ្នាលេង។ មិនតែប៉ុណ្ណោះ កាលពីចុង សប្តាហ៍មុន មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅកណ្តាលក្រុងស៉ីដនី ដើម្បីតវ៉ានឹងវិធានការបិទខ្ទប់នេះទៀតផង។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងស៉ីដនីបានប្រកាសរកឃើញ ករណីឆ្លងចំនួន២៣៩នាក់ ដែលជាកំណត់ត្រាថ្មី សម្រាប់រលកឆ្លងរាលដាលចុងក្រោយបំផុតនេះ ដែលបានចាប់ផ្តើមដំបូងកាលពីពាក់កណ្តាលខែមិថុនា កន្លងទៅ។ សម្រាប់ការចាក់វ៉ាក់សាំងវិញ មកទល់ឥឡូវ មិនដល់១៤ភាគរយឡើយ នៃប្រជាជនអូស្រ្តាលីសរុប ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ៕