(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៦,៥៥៩នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ០៤ករណីប៉ុណ្ណោះជាងករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,៤៤៩នាក់។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១៨,៦១២នាក់ ក្នុងនោះជាសះស្បើយ ២៧,៤៥៧នាក់ ខណៈចំនួនអ្នកស្លាប់សរុបទូទាំងប្រទេស នៅតែមានចំនួន ៥២៤នាក់ដដែល ដោយមិនទាន់មានការប្រកាសបន្ថែមនៅឡើយទេ៕