(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) នឹងរៀបចំដឹកជញ្ជូនវ៉ាក់សាំងបង្ការ COVID-19 រហូតដល់ជិត ១០លានដូស ទៅកាន់ប្រទេសធំៗពីរនៅទ្វីបអាហ្វ្រិក ដែលមានប្រជាជនច្រើននោះគឺ នីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

ព័ត៌មានខាងលើនេះ គឺទទួលបានពីសេចក្តីថ្លែងការណ៍ នៃសេតវិមានទីក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះបានបញ្ជាក់ទៀតថា វ៉ាក់សាំង Moderna ចំនួន ៤លានដូស នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសនីហ្សេរីយ៉ា ដែលមានចំនួនប្រជាជនជាង ២១០លាននាក់ ខណៈវ៉ាក់សាំង Pfizer-BioNTech ចំនួន ៥.៦៦លានដូស នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដែលមានចំនួនប្រជាជនជាង ៦០លាននាក់។

គួរបញ្ជាក់ថា អាហ្វ្រិកខាងត្បូងគឺជាប្រទេសតែមួយគត់ ដែលបានទទួលវ៉ាក់សាំងបង្ការ COVID-19 ពីសហរដ្ឋអាមេរិកច្រើនជាងគេបំផុត ហើយបើគិតថែមទាំងលើកនេះទៀត គឺនឹងមានចំនួនសរុបរហូតដល់ ១៦.៤លានដូសឯណោះ។ ទ្វីបអាហ្វ្រិកដែលមានប្រជាជនសរុប ១.៣ពាន់នាក់ និងសម្បូរដោយប្រទេសក្រីក្រនោះត្រូវបានគេមើលឃើញថា កំពុងដើរក្រោយគេឆ្ងាយទៅលើការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ព្រោះគិតត្រឹមសប្តាហ៍នេះ វ៉ាក់សាំងតែជាង ៦០លានដូសប៉ុណ្ណោះ ទើបត្រូវបានចាក់ជូនប្រជាជន នៅតាមបណ្តាប្រទេសក្នុងទ្វីបនេះ៕