(ប៉េកាំង)៖ «វីរុសគឺធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន» នេះជាការលើកឡើងច្រំដែលៗធ្វើឱ្យគេស្តាប់ឡើងទ្រាន់ របស់បស្ចិមប្រទេសមួយចំនួន បើទោះបីជាក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក បានសិក្សាស្រាវជ្រាវនៅក្រុងវូហានផ្ទាល់ ហើយសន្និដ្ឋានថា «វាមានលទ្ធភាពស្ទើរតែសូន្យដែលវីរុសបានធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន» ដែលជាការបង្ហាញភស្តុតាងខាងវិទ្យាសាស្ត្រដ៏ប្រចក្ស ដើម្បីច្រានចោលការលើកឡើងខាងលើនេះក្តី។

យ៉ាងណាមិញ យើងឃើញថាបស្ចិមប្រទេសមួយចំនួន ពិសេសប្រទេសដែលស្ថិតក្រោមឥទ្ធិពលរបស់អាមេរិក មិនខ្វល់ពីអ្វីដែលជាភស្តុតាងវិទ្យាសាស្ត្រនេះទេ គិតតែពីការស្រែកបន្ទោរហៃអើ តាមតែអាមេរិកយ៉ាងងងឹតងងល់។

តាមច្បាប់កំណត់របស់អង្គការសុខភាពពិភពលោក ការដាក់ឈ្មោះឱ្យវីរុសប្រភេទថ្មីមិនត្រូវពាក់ព័ន្ធនឹងឈ្មោះប្រទេស តំបន់ឬជាតិសាសន៍ណាមួយនោះទេ ក្នុងន័យចៀសវាងកើតមានការរើសអើង។ ក៏ប៉ុន្តែយើងឃើញថា បើទោះបីជាអង្គការសុខភាពពិភពលោក បានដាក់ឈ្មោះផ្លូវការឱ្យវីរុសកូរ៉ូណាថ្មីថា «វីរុសកូវីដ-១៩» ហើយក្តី ក៏លោកត្រាំ ដែលជាអតីតប្រធានាធិបតីអាមេរិក នៅតែហៅវីរុសនេះថា «វីរុសចិន»«វីរុសវូហាន» នៅកន្លែងសាធារណៈនានាដដែល ។ នេះបានសឱ្យឃើញពីចរិតរើសអើង អនុត្តរភាពនិងមិនគោរពក្រមអន្តរជាតិរបស់ថ្នាក់ដឹកនាំអាមេរិក។

បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង ប្រទេសចិនក៏បានរៀបចំឱ្យក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ចុះសិក្សាស្រាវជ្រាវដោយផ្ទាល់នៅឯមន្ទីរពិសោធន៍ក្រុងវូហាននិងកន្លែងពាក់ព័ន្ធ។ ប៉ុន្តែលទ្ធផលមិនដូចការប៉ុនប៉ងរបស់ អ្នកនយោបាយអាមេរិកមួយចំនួននោះទេ ហេតុនេះហើយទោះជាមាន ភស្តុតាងខាងវិទ្យាសាស្ត្រដ៏រឹងមាំយ៉ាងណាក្តី ក៏ពួកគេនៅតែខំស្រែកកោកៗមិនទទួលស្គាល់ របាយការណ៍សិក្សាស្រាវជ្រាវប្រកបដោយកិត្យានុភាពមួយនេះ។

អ្វីដែលអ្នកផងចោទជាសំណួរនោះគឺ អ្នកដែលដើរចោទប្រកាន់គេ ហើយមិនទទួលស្គាល់លទ្ធផលសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ ស៊ីជម្រៅនិងប្រកបជំនាញខ្ពស់ របស់ក្រុមអ្នកជំនាញអន្តរជាតិនោះ តើហ៊ានឱ្យក្រុមអ្នកជំនាញអន្តរជាតិ ទៅសិក្សាស្រាវជ្រាវ នៅមន្ទីរពិសោធន៍របស់ខ្លួនទេ? ម៉្យាងវិញទៀត តាមការចុះផ្សាយអំពីលទ្ធផលសិក្សាស្រាវជ្រាវរបស់ប្រទេសមួយចំនួនឱ្យដឹងថា វីរុសកូវីដ១៩មានលទ្ធភាពឆ្លងរាលដាលនៅប្រទេសខ្លួនតាំងពីខែតុលាឆ្នាំ ២០១៩ មកម៉្លេះ ពោលគឺកើតមុនករណីឆ្លងទីមួយ នៅក្រុងវូហានប្រទេសចិនដល់ទៅពីរខែ ចុះហេតុអ្វីអ្នកដើរចោទប្រទេសចិនថាធ្វើឱ្យធ្លាយវីរុសចេញពីមន្ទីរពិសោធន៍នោះ បែរជាធ្វើគធ្វើថ្លង់ក្នុងរឿងនេះទៅវិញ?

សុភាសិតខ្មែរបានពោលថា៖ «បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក»។ ជាក់សែ្តងដូចយើងទាំងអស់គ្នា បានដឹងហើយថា វីរុសជាសត្រូវរួមរបស់មនុស្សជាតិ មិនមែនជា «សត្រូវផ្តាច់មុខ» របស់ប្រទេសណាមួយនោះទេ។ អាស្រ័យហេតុនេះ យើងឃើញថាប្រទេសភាគច្រើនដាច់ខាត នៅលើពិភពលោក សុទ្ធតែដុតដៃដុតជើងក្នុងការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗ។

តម្កល់ទុកអាយុជីវិតប្រជាជនជាអាទិភាព ផ្តល់ជំនួយទៅតាមលទ្ធភាពនូវសម្ភារបរិក្ខារវេជ្ជសាស្ត្រ ដល់ប្រទេសដែលមានតម្រូវការ ចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ទៅជួយដល់ប្រទេសមានតម្រូវការដោយផ្ទាល់ ផ្តល់ជំនួយនិងផ្គត់ផ្គង់វ៉ាក់សាំងដល់ ប្រទេសដែលមានតម្រូវការ ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការសិក្សាស្រាវជ្រាវរកប្រភពនៃវីរុស។ល។ ទាំងនេះជាសកម្មភាពជាក់ស្តែងរបស់ប្រទេសចិន បន្ទាប់ពីការផ្ទុះរាលដាលនៃជំងឺកូវីដ១៩ ជាសកលមក ដែលយើងទាំងអស់គ្នាបានឃើញជាក់នឹងភ្នែក។

យើងមិនពិបាកមើលឃើញឡើយថា ថ្នាក់ដឹកនាំដែលប្រកបដោយគតិបណ្ឌិតនានានៅលើពិភពលោក សុទ្ធតែបានខិតខំអស់ពីលទ្ធភាព ដើម្បីចាត់វិធានការទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងស្របទៅតាមសភាពការណ៍ប្រទេសខ្លួន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិអន្តរជាតិ ដើម្បីជួយប្រជាជនខ្លួនឱ្យចេញផុតពី ជ្រោះមរណៈក្នុងពេលឆាប់ៗ ក៏ដូចជាស្តារសេដ្ឋកិច្ចនិងផលិតកម្មឡើងវិញ ធ្វើឱ្យប្រជាជនវិលត្រឡប់ទៅរក ជីវភាពធម្មតាវិញតាមដែលអាចធ្វើទៅបាន។

ប៉ុន្តែងាកមកមើលប្រទេសលោកខាងលិចមួយចំនួនតូចវិញ ជាពិសេសគឺអាមេរិកតែម្តង ចាប់ពីជំងឺឆ្លងផ្ទុះរាលដាលមក អ្វីដែលអាមេរិកធ្វើច្រើនជាងគេមិនមែន ការទប់ស្កាត់ជំងឺឆ្លងក្នុងប្រទេស មិនមែនការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីយកឈ្នះលើជំងឺឆ្លង មិនមែនការផ្តល់ជំនួយដល់ប្រទេសក្រីក្រ ក្នុងនាមខ្លួនជាប្រទេសមហាអំណាចនោះទេ តែបែរជាដើរចោទប្រកាន់អ្នកនេះអ្នកនោះ ធ្វើនយោបាយធូបនីយកម្មបញ្ហាវីរុស បង្កជាឧបសគ្គរារាំងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសទៅវិញ។

បច្ចុប្បន្នគឺជាយុគសម័យឌីជីថល មិនមែនសម័យជិះកង់ឈើនោះទេ អ្វីៗគ្រប់យ៉ាងដែលមនុស្សជាតិយើងមិនទាន់បានដឹងច្បាស់ ត្រូវពឹងផ្អែកលើការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ តែមិនមែនវោហាសាស្ត្រនោះទេ។ ការធ្វើកិច្ចសហប្រតិបត្តិត្រូវធ្វើឡើង ក្រោមរូបភាពស្មោះត្រង់ សមភាព តែមិនមែនដើរតួជាអ្នកប្រៀនប្រដៅប្រទេសដទៃនោះទេ។ ពាក្យចាស់ពោលថា «សាមគ្គីជាកម្លាំង» ល្គឹកណាដែលប្រទេសនានាពួតដៃគ្នាយ៉ាងស្អិតល្មួតនិងស្មោះត្រង់ ធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ល្គឹកនោះទើបអាចយកឈ្នះលើ ជំងឺឆ្លងក្នុងពេលឆាប់ៗ៕

(អត្ថបទដោយ ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)