(វ៉ាស៉ីនតោន)៖ បើអាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចរាល់ហើយ គួរតែងាកទៅអនុវត្តវិធានពាក់ម៉ាស់ឡើងវិញ នៅតាមទីកន្លែងបិទជិតក្នុងតំបន់ណាដែលហានិភ័យខ្ពស់នៃការឆ្លងរាតត្បាត COVID-19 ជាពិសេសគឺបម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងរហ័ស និងងាយបង្កឱ្យអ្នកជំងឺឈឺធ្ងន់រហូតដល់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

សម្រាប់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ នៃការចម្លងជំងឺ COVID-19 នេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបានណែនាំថា អ្នកដែលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចរាល់ហើយក៏ដោយ ត្រូវត្រលប់ទៅអនុវត្តវិធានការពាក់ម៉ាសឡើងវិញ នៅតាមទីកន្លែងបិទជិត ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta និងការពារអ្នកដទៃផងដែរ»។ CDC បាននិយាយថា ប្រហែល ៦៣ភាគរយ នៃតំបន់នៅសហរដ្ឋអាមេរិក គឺមានអត្រាឆ្លងខ្ពស់ ដែលចាំបាច់តម្រូវឱ្យអនុវត្តវិធានការពាក់ម៉ាសឡើងវិញ។

ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ដេវីដ ឌួឌី (David Doudy) អ្នកជំនាញខាងផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ ចន ហបឃីនស៍ (Johns Hopkins) បានលើកឡើងថា ការណែនាំរបស់ CDC ត្រូវបានជំរុញដោយសារការកើនឡើងវិញ នៃករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក «ព្រោះយើងបានមើលឃើញមានការកើនឡើងទ្វេដង នៃចំនួនករណីឆ្លងជារៀងរាល់ ១០ថ្ងៃម្តង»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers សហរដ្ឋអាមេរិក បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបជាង ៣៥,៣៥លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦២៧,០០០នាក់ និងអ្នកជាសះស្បើយជាង ២៩,៥៧លាននាក់៕