(ហ្សេរុយសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានប្រកាសនៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះថា ខ្លួននឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់កុមារអាយុចាប់ពី ៥-១១ឆ្នាំ ដែលត្រូវបានគេពិនិត្យឃើញថា មានហានិយខ្ពស់ក្នុងការឆ្លងជំងឺក៏សាហាវនេះ ហើយវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បច្ចុប្បន្ននេះ អ៊ីស្រាអែលកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ដល់មនុស្សវ័យជំទង់អាយុចាប់ពី ១២ឆ្នាំឡើងទៅរួចទៅហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ សម្រាប់កុមារអាយុចាប់ពី ៥-១១ឆ្នាំ ដែលនឹងទទួលការចាក់វ៉ាក់សាំងនោះ គឺពួកគេត្រូវតែជាកុមារ ដែលមានជំងឺប្រចាំកាយស្រាប់ដូចជា ខ្សោយបេះដូង មហារីក សួត ធាត់លើសទម្ងន់ និងសតិអារម្មណ៍ជាដើម។

គួរបញ្ជាក់ថា កម្រិតនៃវ៉ាក់សាំងបង្ការ COVID-19 ដែលកុមារអាយុចាប់ ៥-១១ឆ្នាំនឹងត្រូវទទួលការចាក់នោះ គឺតិចជាង ៣ដង បើធៀបនឹងកម្រិតដែលមនុស្សធំត្រូវចាក់។ គិតត្រឹមចុងសប្តាហ៍មុន អ៊ីស្រាអែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១១.១លានដូស ក្នុងនោះប្រជាជនសរុប ៥.៣២លាននាក់ (៥៨.៨% នៃប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕