(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថានបានច្រើនជាង៩៥ភាគរយ ហើយគ្រោងនឹងដកចេញទាំងស្រុងនៅមុនថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។ ពោលគឺធ្វើយ៉ាងណាឱ្យបានមុនថ្ងៃ ខួបវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន គឺជាផ្នែកមួយនៃការផ្លាស់ប្ដូរ យុទ្ធសាស្ត្រងាកចេញពីតំបន់មជ្ឈិមបូព៌ា ដើម្បីផ្តោតសំខាន់លើតំបន់អាស៊ី ជាពិសេសគឺការខ្ទប់ឥទ្ធិពលចិន ដែលរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិនចាត់ទុកថាជា គូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងស.វទី២១នេះ។

ក្រៅតែបញ្ជាឱ្យដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន លោក ចូ បៃដិន ក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រួតពិនិត្យឡើងវិញលើ ប្រតិបត្តិការយោធាអាមេរិកនៅទូទាំងពិភពលោក ស្របពេលមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាទីក្រុងវ៉ាស៊ីនតោនមានផែនការដកប្រព័ន្ធខែលការពារមីស៊ីល Patriot ចំនួន ៨ គ្រឿងចេញពីប្រទេសហ្ស៊កដានី, កូវ៉ែត, អ៉ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីតផងដែរ។ តើនេះមានន័យថាអាមេរិកបានបោះបង់ចោលតំបន់មជ្ឈិមបូព៌ាហើយមែនទេ?

*មជ្ឈិមបូព៌ាអស់ប្រយោជន៍សម្រាប់អាមេរិក?

មជ្ឈដ្ឋានទូទៅយល់ថាសហរដ្ឋអាមេរិកលូកដៃចូលក្នុងតំបន់មជ្ឈិមបូព៌ា គឺសម្លឹងឃើញប្រយោជន៍ពីប្រេងដែលមានសារៈសំខាន់ដល់សេដ្ឋកិច្ចជាតិ និងដើម្បីការពារសន្តិសុខអ៉ីស្រាអែលដែលជា សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន។ ក៏ប៉ុន្តែសព្វថៃ្ង អ្វីៗបានប្រែប្រួលអស់ទៅហើយ ដោយតំបន់មជ្ឈិមបូព៌ាលែងសំខាន់ដូចមុនសម្រាប់អាមេរិកទៀតហើយ ពីព្រោះថា បច្ចុប្បន្ន សហរដ្ឋអាមេរិកបានក្លាយជាប្រទេសនាំចេញប្រេងដ៏ធំមួយដែរ រីឯអ៉ីស្រាអែលវិញក្លាយជាកំពូលមហាអំណាចក្នុងតំបន់មាននុយក្លេអ៊ែរនៅក្នុងដៃអាចការពារខ្លួនឯង បានដោយមិនចំាបាច់មានជំនួយវ៉ាស៊ីនតោន។ បើតាមទិន្នន័យកាលពីឆ្នាំ២០១៤ សហរដ្ឋអាមេរិកបានបង្កើនការផលិតប្រេងពី ៨លានបារែល ក្នុងមួយថ្ងៃក្នុងឆ្នាំ២០០៤ រហូតដល់ ១៤លានបារែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០១៤ ហើយនេះមិនទាន់រាប់បញ្ចូលកំណប់រ៉ែប្រេង ដែលអាមេរិកស្ដុកទុកមិនទាន់ប្រើផង។

សហរដ្ឋអាមេរិកមានមូលដ្ឋានជាង ៨០០កន្លែង និងមានកងទ័ពឈរជើងជាង ១៦៥,០០០នាក់ នៅក្នុងប្រទេស និងដែនដីចំនួន ១៥០ នៅជុំវិញពិភពលោក ក្នុងនោះមាន ជាង ៤៤,០០០នាក់ កំពុងឈរជើងនៅមជ្ឈិមបូព៌ា ហើយក្នុងតំបន់មជ្ឈិមបូព៌ាទៀតសោត កងទ័ពអាមេរិក ១៣,៥០០នាក់ ឈរជើងនៅកូវ៉ែត, ៨,០០០នាក់នៅកាតា, ៣,៥០០នាក់ នៅអេមីរ៉ាតអារ៉ាប់រួម, ៣,០០០នាក់នៅហ្ស៊កដានី និង២,៥០០នាក់ នៅអារ៉ាប៊ីសាអូឌីត។ តាមរយៈចំនួនកងទ័ពទាំងនេះ រដ្ឋបាលលោកបៃដិននឹងប្រើប្រាស់វា ដើម្បីបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនថាទោះបីជាចំនួនកងទ័ពអាមេរិកត្រូវបានកាត់បន្ថយមែន តែមិនមែនមានន័យថាវ៉ាស៊ីនតោនបោះបង់ចោលពួកគេនោះទេ។ តែ ទំនុកចិត្តចំពោះសហរដ្ឋអាមេរិកនឹងត្រូវបាត់បង់ ឬក៏យ៉ាងណា វាអាស្រ័យថាតើអាមេរិកខ្លួនឯងនឹងទុកឱ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថានដួលរំលំដែរឬក៏យ៉ាងណា?

*ប្ដូរយុទ្ធសាស្ត្រដើម្បីខ្ទប់ឥទ្ធិពលចិន

ការសម្រេចចិត្តដកកងទ័ពអាហ្វហ្គានីស្ថាន និងកាត់បន្ថយវត្តមានយោធាក្នុងតំបន់មជ្ឈិមបូព៌ា មិនមែនមានន័យថាអាមេរិកបោះបង់ចោលតំបន់នេះទេ គ្រាន់តែថាមជ្ឈិមបូព៌ា លែងសូវសំខាន់ដូចមុនតែប៉ុណ្ណោះ។ វាជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រប្រមូលធនធានទាំងឡាយរបស់អាមេរិក ដើម្បីងាកមកផ្តោតជាសំខាន់លើតំបន់អាស៊ី ជាពិសេសគឺការខ្ទប់ ឥទ្ធិពលចិនតែម្ដង។ ក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានចំណាយលុយរាប់ពាន់លានដុល្លារលើប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា។ ប៉ុន្តែនៅតែមិនអាចស្វែងរកសន្តិភាព និងស្ថិរភាពបាន ហើយផ្ទុយទៅវិញបែរជាធ្លាក់ខ្លួនផុងកាន់តែជ្រៅនៅក្នុងជម្លោះដ៏រុំារ៉ៃ ដែលនេះបានទុកឱកាសឱ្យចិនពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។

នៅក្នុងសុន្ទរកថាស្ដីពីគោលនយោបាយការបរទេសជាលើកដំបូងកាលពីមីនាកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយត្រង់ៗថាចិនគឺជា គូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតក្នុងស.វទី២១ ដោយទីក្រុងប៉េកាំងមានសមត្ថភាពប្រជែងជាមួយអាមេរិកទាំងខាងសេដ្ឋកិច្ច, ការទូត, យោធា និងបច្ចេកវិទ្យា។ ពិតមែនទៅ យុទ្ធសាស្ត្រដោះដៃពីមជ្ឈិមបូព៌ា ងាកមកផ្ដោតលើតំបន់អាស៊ីជាកេរ្តិ៍មរតកបន្សល់ទុកដោយអតីតប្រធានាធិបតីអាមេរិក២រូប នោះគឺលោក ដូណាល់ ត្រាំនិងលោក បារ៉ាក់ អូបាម៉ា ហើយយុទ្ធសាស្ត្រនេះត្រូវបានគេមើលឃើញលោក បៃដិន យកមកអនុវត្តបន្ត បន្ទាប់ពីលោកបៃដិនផ្ទាល់កាលពីខែកុម្ភៈកន្លងទៅបានបញ្ជាឱ្យ មន្ទីរបញ្ចកោណត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការ និងវត្តមានយោធាអាមេរិកនៅជុំវិញពិភពលោក។

រហូតដល់ចុងខែកុម្ភៈដដែល ទើបរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងសារមួយចំនួនដែលធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ពីយុទ្ធសាស្ត្រផ្ដោតលើ តំបន់អាស៊ី ដោយលោកប្រកាសថាការប្រជែងជាមួយចិននឹងកំណត់ពីជំហាន ឬល្បឿននៃផែនការការពារជាតិរបស់លោក បៃដិន ហើយចាប់ពីនោះមកដែរពាក្យថា «ចិន» ត្រូវបានគេយកដាក់លើតុជជែកដេញដោលយ៉ាងផុលផុសនៅក្នុងសហរដ្ឋអាមេរិក។

*អនាគតអាហ្វហ្កានីស្ថាន

តើវាជារឿងត្រឹមត្រូវខាងសីលធម៌ដែរឬទេ ដែលសហរដ្ឋអាមេរិកបោះបង់ចោលប្រទេសមួយកំពុងប្រឈមមុខនឹងហានិភ័យត្រូវបានផ្ដួលរលំដោយពួកតាលីបង់? នេះគឺជា សំណួរដែលត្រូវបានគេចោទសួរពីអនាគតអាហ្វហ្គានីស្ថាន នៅក្រោយពេលអាមេរិកដកកងទ័ពចេញទាំងស្រុង។

ខណៈកងទ័ពអាមេរិកកាន់តែខិតជិតដកចេញទាំងស្រុងពីប្រទេសអាហ្វហ្កានីស្ថាន ក្រុមឧត្តមសេនីយ៍អាមេរិកជាច្រើនបានព្រមានថារដ្ឋាភិបាលទីក្រុងកាប៊ុលនឹងត្រូវ ដួលរលំក្នុងរយៈពេល ៦ខែ ក្រោយកងទ័ពអាមេរិក និង NATO ត្រូវបានដកចេញ ហើយក្រុមតាលីបង់នឹងឡើងមកកាន់អំណាចសាជាថ្មី។ ការព្រមានបែបនេះ ធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាបច្ចុប្បន្នទឹកដីមួយភាគធំ ក្នុងនោះរួមមានស្រុកច្រើនជាង ២០០ ក្នុងចំណោមស្រុកសរុបទាំង៤១៩ របស់អាហ្វហ្កានីស្ថានកំពុងស្ថិត នៅក្រោមការគ្រប់គ្រងរបស់តាលីបង់។

អនាគតរបស់អាហ្វហ្កានីស្ថាននឹងទៅជាយ៉ាងណា គ្មាននរណាម្នាក់អាចផ្ដល់ចម្លើយមួយឱ្យប្រាកដនោះទេ។ តែក្រុមអ្នកជំនាញខ្លះបានព្យាករថាអាហ្វហ្កានីស្ថានអាចនឹងធ្លាក់ ចូលក្នុងសង្គ្រាមស៊ីវិល ហើយពិភពលោកទាំងមូលនឹងត្រូវប្រឈមមុខនឹងវិបត្តិជនភៀសខ្លួនមួយដ៏ធំ។ ប្រវត្តិសាស្ត្រធ្លាប់បានបង្ហាញហើយថាការពឹងផ្អែកជ្រុលពេក ឬការយកជោគវាសនាប្រទេសជាតិខ្លួនឯងទៅផ្ញើលើពួកមហាអំណាច តែងតែទទួលបានភាពវិនាសអន្តរាយមកវិញ។ អាមេរិកបោះបង់វៀតណាមខាងត្បូង វៀតណាមទាំងមូលក្លាយជាកុម្មុយនិស្ដ, អាមេរិកបោះបង់ចោលអ៉ីរ៉ាក់កាលពីឆ្នាំ២០១១ ធ្វើឱ្យប្រជាជនអ៉ីរ៉ាក់ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមដោយសារកកើតឡើងនៃពួក ISIS៕

ប្រភព៖ NPR (ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១)