(ចឹងចូវ)៖ អាជ្ញាធរខេត្ត ហឺណាន (Henan) នៃប្រទេសចិនបានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៥៨នាក់ហើយ ក្រោយគ្រោះទឹកជំនន់ដ៏អាក្រក់ បានវាយប្រហារខេត្តភាគកណ្តាលមួយនេះ កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាជ្ញាធរខេត្ត Henan ក៏បានចេញយុទ្ធនាការបោសសម្អាតទីក្រុង ចឹងចូវ (Zhengzhou) ផងដែរ ដែលបានទទួលរងការលិចលង់ និងហេដ្ឋារចនាសម្ព័ន្ធជារួម ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ។ ផ្លូវថ្នល់ពោពេញដោយល្បាប់ភក់, រថយន្តតូចធំត្រូវទឹកហូរកួចឲ្យទៅគរលើគ្នា និងហាងលក់ទំនិញ ព្រមទាំងអគារជាច្រើនបានរងការខូចខាត គឺបាននិងកំពុងស្ថិតក្នុងការស្តារឡើងវិញ ជាបណ្តើរៗគិតត្រឹមថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា ប្រទេសចិនក៏កំពុងត្រៀមខ្លួន ដើម្បីទទួលព្យុះទីហ្វុងមួយទៀតផងដែរ ដែលនឹងបោកបក់លើខេត្ត ស៊ីជាំង (Zhejiang) ភាគខាងកើតប្រទេស នៅចុងសប្តាហ៍នេះហើយ។ ការប្រកាសអាសន្នត្រូវបានបង្កើនទៅដល់ កម្រិតខ្ពស់បំផុត នៅមុនព្យុះទីហ្វុង អ៊ីនហ្វា (In-Fa) មកដល់ជាមួយល្បឿនខ្យល់បោកបក់ជាង ១៤០គីឡូម៉េត្រក្នុងមួយម៉ោង។ កំពង់ផែសមុទ្រ ផ្លូវក្រោមដី និងអាកាសយានដ្ឋាន ត្រូវបានបង្គាប់ឲ្យផ្អាកដំណើរការរួចរាល់ហើយ៕