(បាងកក)៖ ប្រមុខកងទ័ពថៃ លោកឧត្ដមសេនីយ៍ Narongphan Jitkaewtae នៅថ្ងៃសុក្រសប្ដាហ៍នេះបានចេញបទបញ្ជាឱ្យកងទ័ពចូលរួមចំណែកក្នុងការរៀបចំ ពិធីបុណ្យសពសម្រាប់អ្នកស្លាប់ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។

បើតាមលោក Narongphan Jitkaewtae រាល់អង្គភាពកងទ័ពទាំងអស់មានអង្គភាពរៀបចំពិធីបុណ្យសពមួយ ដែលទទួលខុសត្រូវលើការរៀបចំពិធីបុណ្យសព សម្រាប់កងទ័ពដែលបានស្លាប់។ លោក Jitkaewtae បន្ថែមទៀតថា កងទ័ពនឹងប្រមូលសាកសពក៏ដូចជាកំណត់អត្តសញ្ញាណសពដើម្បីជួយសម្រួលដល់គ្រួសារ ជនរងគ្រោះក្នុងការបូជាសព។ អង្គភាពរៀបចំពិធីបុណ្យសពក៏អាចប្រើប្រាស់ជំនាញ និងចំណេះរបស់ខ្លួនក្នុងការប្រមូលសពនៅក្នុងសមរភូមិយកមកជួយ គ្រួសារជនរងគ្រោះស្លាប់ដោយសារ COVID-19 ដើម្បីរៀបចំពិធីបុណ្យសពផងដែរ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,២៦០ករណី និងស្លាប់ ១១៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៨១,៩៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៩៣០នាក់ និងអ្នកជាសះស្បើយ ៣២៧,៧៨៩នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ថៃសម្រេចបាន ១៥.៤លានដូស ក្នុងនោះប្រជាជន ៣.៥៨លាននាក់ (៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕