(សាន់ត្យាហ្គោ)៖ អាជ្ញាធរឈីលី (ស៊ីលី) នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) បានចាប់ផ្តើមវាយតម្លៃទីតាំង ដែលមានសក្តានុពលសម្រាប់ការសាងសង់ រោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 មួយនៅក្នុងប្រទេសឈីលីហើយ ដែលអាចចាប់ផ្តើមផលិតវ៉ាក់សាំងបាន នៅដើមឆមាសទី១ នៃឆ្នាំ២០២២ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។

គណៈប្រតិភូប្រតិបត្តិមកពីក្រុមហ៊ុនចិន Sinovac នៅសប្តាហ៍នេះ បានធ្វើដំណើរទស្សនកិច្ចនៅទីតាំងមួយកន្លែង ដែលមានសក្តានុពលសម្រាប់សាងសង់រោងចក្រ នៅក្បែររដ្ឋធានីសាន់ត្យាហ្គោ (Santiago) និងនៅវាលខ្សាច់ភាគខាងជើងនៃប្រទេសឈីលី។

ជុំវិញគម្រោងខាងលើនេះ លោក លូកាស ប៉ាឡាស៊ីយ៉ូស (Lucas Palacios) រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឈីលី បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច នៅទីតាំងមួយកន្លែងស្ថិតនៅក្បែរទីក្រុង អានតូហ្វាហ្គាស្តា (Antofagasta) ប្រទេសឈីលីថា «នេះគឺជាការវិនិយោគ ដែលអាចត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ហើយវានឹងធ្វើឱ្យរោងចក្រនេះដំណើរការនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២២ខាងមុខនេះ»

លោក Lucas Palacios បានគូសបញ្ជាក់ប្រាប់បន្ថែមថា រោងចក្រនេះអាចផលិតនូវវ៉ាក់សាំងចំនួន ៥០លានដូសជារៀងរាល់ឆ្នាំ ក៏ដូចជាវ៉ាក់សាំងកូរ៉ូណាវ៉ាក់ (CoronaVac) និងវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ឬជំងឺផ្តាសាយជាដើមផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Sinovac ត្រូវបានគេរំពឹងថា នឹងប្រកាសការសម្រេចចិត្តវិនិយោគចុងក្រោយរបស់ខ្លួន សម្រាប់ការសាងសង់រោងចក្រនេះ ដែលនឹងផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងប្រទេសឈីលី និងនៅក្នុងតំបន់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕