(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានអះអាងជាថ្មីឡើងវិញពីការប្ដេជ្ញាចិត្តគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាហ្វហ្កានីស្ថាន ចំពោះមុខ ការបង្កើនការវាយលុកដណ្ដើមកាន់កាប់ទឹកដីរបស់ក្រុមតាលីបង់ ខណៈកងទ័ពអាមេរិកជិតដកចេញទាំងស្រុងពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។

ការបង្ហាញការប្ដេជ្ញាចិត្តខាងលើធ្វើឡើងកំលុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ចូ បៃដិន និងប្រធានាធិបតីអាហ្វហ្កានីស្ថា ន លោក អាសរ៉ាហ្វ ហ្កានី (Ashraf Ghani) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ បើតាមសេតវិមាន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ លោក បៃដិនបានប្រាប់លោក ហ្កានីថា សហរដ្ឋអាមេរិកនឹងបន្តផ្ដល់ជំនួយដល់ប្រជាជន និងយោធាអាហ្វហ្កានីស្ថាន ជាមួយផែនការផ្ដល់ជំនួយផ្នែកសន្តិសុខជាង ៣.៣ពាន់លានដុល្លារសម្រាប់ អាហ្វហ្កានីស្ថាន ក្នុងឆ្នាំសារពើពន្ធ ២០២២។ ជំនួយទាំងនេះនឹងផ្ដោតជាអាទិភាពលើការជួយពង្រឹងសមត្ថភាពកងទ័ពអាកាស, ការផ្គត់ផ្គង់ចាំបាច់នានា និងប្រាក់ខែសម្រាប់កងទ័ពអាហ្វហ្កានីស្ថាន។

គួរបញ្ជាក់ថា បើតាមនាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្ដមសេនីយ Mark Milley គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ស្រុកជាងពាក់កណ្ដាលនៃស្រុក សរុបទាំងអស់ ៤១៩ ក្នុងប្រទេសអាហ្វហ្កានីស្ថា នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ លោក បៃដិនបានបញ្ជាឱ្យដកកងទ័ពអាមេរិកចេញ ពីអាហ្វហ្កានីស្ថានឱ្យបានមុនថ្ងៃទី៣១ ខែសីហាខាងមុខ ហើយបើតាមទីបញ្ជាការកណ្ដាលយោធាអាមេរិក ការដកទ័ពចេញពីសម្រេចបានច្រើនជាង ៩៥ភាគរយហើយ៕