(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលអាមេរិកមួយចំនួន រួមទាំងអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោក វីលប៊ឺ រ៉ស (Wilbur Ross) ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមមន្រ្តីចិនប្រចាំនៅទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។

ទណ្ឌកម្មនេះត្រូវបានដាក់ដោយប្រទេសចិនជាលើកដំបូង ក្រោមច្បាប់ប្រឆាំងទណ្ឌកម្មបរទេសថ្មីរបស់ខ្លួន ដែលត្រូវបានអនុម័តកាលពីខែមិថុនា ហើយប៉ុន្មានថ្ងៃមុននេះ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បានប្រកាសគម្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចំពេលចំណងទាក់ទងកំពុងតែមានភាពតានតឹង។

ប្រទេសចិនក៏បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងអតីតអ្នកតំណាង ឬអ្នកតំណាងបច្ចុប្បន្ននៃអង្គការមួយចំនួនរបស់សហរដ្ឋអាមេរិក រួមមានគណៈកម្មការប្រតិបត្តិសភាស្តីពីប្រទេសចិន និងគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន ព្រមទាំងស្ថាប័នផ្សេងៗទៀត ដែលមានឈ្មោះដូចជា វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៃកិច្ចការអន្តរជាតិ, វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ, អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) និងក្រុមប្រឹក្សាប្រជាធិបតេយ្យហុងកុង (HKDC) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនជាដើម។

ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិន បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ភាគីសហរដ្ឋអាមេរិកបានប្រឌិតរឿងជាច្រើន ដោយគ្មានមូលដ្ឋាន និងបានដាក់ទណ្ឌកម្មខុសច្បាប់ ទៅលើក្រុមមន្រ្តីចិន ប្រចាំនៅទីក្រុងហុងកុង»។ សកម្មភាពទាំងនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ ហើយបានជ្រៀតជ្រែកយ៉ាងខ្លាំង ចូលទៅកាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕