(ឡុងដ៍)៖ ខណៈប្រជាជនក្នុងចក្រភពអង់គ្លេស និងអឺរ៉ុបបន្តទទួលការចាក់វ៉ាក់សាំង COVID-19 មានសេចក្ដីរាយការណ៍ជាច្រើនពីការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ ០២ដូស។ ប៉ុន្តែក្រុមអ្នកជំនាញបានអះអាងថា រឿងបែបនេះគឺជាករណីកម្រ ហើយវាមិនមែនមានន័យថា វ៉ាក់សាំងមិនមានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញប្រឈមមុខនឹងការគំរាមកំហែងពីវីរុសបម្លែងថ្មី Delta ការចាក់វ៉ាក់សាំងនៅតែជាមធ្យោបាយដ៏ល្អបំផុត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺចង្រៃមួយនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមសប្ដាហ៍នេះ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោក (WHO) លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មានសេចក្ដីរាយការណ៍ជាច្រើនបានអះអាង ពីការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញលេញ ដែលបង្កឡើងដោយវីរុសបម្លែងថ្មី Delta... តែភាគច្រើននៃករណីឆ្លងទាំងនោះ ជាករណីស្រាល ឬមិនមានរោគសញ្ញា»

លោក ភីតថឺ ហរប៊ី (Peter Horby) ជាអ្នកជំនាញផ្នែកវីរុសម្នាក់ មានមូលដ្ឋាននៅចក្រភពអង់គ្លេស ក៏គាំទ្រការលើកឡើងរបស់លោកស្រី Swaminathan ដែរ។ លោកបានលើកឡើងថា អ្វីដែលគេដឹងយ៉ាងច្បាស់ នោះគឺថាវ៉ាក់សាំងពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយហានិភ័យស្លាប់ ឬធ្លាក់ឈឺធ្ងន់ធ្ងរ។ «ជាពិតណាស់ យើងកំពុងឃើញមានករណីឆ្លង លើអ្នកចាក់វ៉ាក់សាំងពេញលេញ... នេះមិនមែនមានន័យថា វ៉ាក់សាំងមិនដំណើរការនោះទេ ពីព្រោះករណីឆ្លងបែបនេះត្រូវបាន គេរំពឹងទុករួចជាមុនទៅហើយ។ រឿងសំខាន់ដែលយើងត្រូវធ្វើនៅពេលនេះ នោះគឺបង្ការកុំឱ្យមានករណីស្លាប់ ឬធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយវ៉ាក់សាំងអាចជួយ យើងបានយ៉ាងមានប្រសិទ្ធភាព»

ការលើកឡើងខាងលើរបស់អ្នកជំនាញទាំង ២ ត្រូវបានគាំទ្រដោយទិន្នន័យសិក្សាកាលពីពេលថ្មីៗនេះ។ ការសិក្សាថ្មីមួយរបស់ ទីភ្នាក់សុខាភិបាលសាធារណៈអង់គ្លេសបានរកឃើញថា វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាព ៨៨ភាគរយ ប្រឆាំងនឹងវីរុសបម្លែងថ្មី Delta និង ៩៣ភាគរយប្រឆាំងនឹងវីរុសបម្លែងថ្មី Alpha, ប្រការនេះមានន័យថា «អ្នកចាក់វ៉ាក់សាំង Pfizer-BioNTech ពេញលេញ ឬគ្រប់ដូសនៅតែអាចឆ្លងជំងឺ COVID-19 ដដែល គ្រាន់តែករណីឆ្លង ឬស្លាប់មានកម្រិតតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងអ្នកដែលមិនបានចាក់វ៉ាក់សាំង»។

ត្រង់ចំណុចនេះ អ្នកជំនាញជាច្រើនបានពន្យល់ថា «បច្ចុប្បន្នគ្មានវ៉ាក់សាំង COVID-19 ណាមួយមានប្រសិទ្ធភាព ១០០ភាគរយទេ តែវ៉ាក់សាំងអាចជួយឱ្យយើង រួចផុតពីស្លាប់ ឬត្រូវដេកពាក់អុកស៊ីសែននៅលើគ្រែក្នុងមន្ទីរពេទ្យ»។ ជាក់ស្ដែង បើតាមការសិក្សាស្រាវជាវនៅក្នុងចក្រភពអង់គ្លេស ក្នុងចំណោមសំណាកនៃមនុស្ស ២៩៧,៤៩៣នាក់ ដែលទទួលបានការចាក់វ៉ាក់សាំងមានត្រឹមតែ ០.៥ភាគរយបានឆ្លង COVID-19 ហើយក្នុងចំណោមអ្នកទាំងនេះទៀតសោតមានតែ ០.១ភាគរយតែប៉ុណ្ណោះ នៃអ្នកចាក់វ៉ាក់សាំងពេញលេញបានឆ្លង COVID-19។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញភាគច្រើន ការចាក់វ៉ាក់សាំង COVID-19 នៅតែជារឿងចាំបាច់ត្រូវតែធ្វើ ដោយមិនត្រឹមតែអាចកាត់បន្ថយហានិភ័យស្លាប់ និងធ្លាក់ខ្លួនឈឺធ្ងន់ប៉ុណ្ណោះទេ តែវាក៏អាចជួយយើងក្នុងការទប់ស្កាត់ កុំឱ្យមានករណីឆ្លងលើអ្នកចាក់វ៉ាក់សាំងផងដែរ។ ដ្បិតទោះបីជាបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយក៏ដោយ តែបើសិនជាមនុស្សនៅជុំវិញយើង មិនមានប្រព័ន្ធសុំាការពារ ឬករណីឆ្លងក្នុងសហគមន៍នៅតែមានច្រើន នោះឱកាសឆ្លងនៅតែមានដដែល។

ដូច្នេះការចាក់វ៉ាក់សាំងបង្ការឱ្យបានច្រើន គឺជាមធ្យោបាយល្អបំផុតប្រឆាំងនឹង COVID-19 ហើយវាក៏អាចជួយបង្កើតប្រព័ន្ធភាពសុំាជាសហគមន៍ ដែលអាចបង្ការការលេចឡើងនូវីរុសបម្លែងថ្មីៗតទៅទៀតដែរ៕