(វ៉ាស៊ីនតោន)៖ សេតវិមានបានរិះគន់ក្រុមហ៊ុន YouTube និង Facebook ថាមិនបានបំពេញតួនាទីគ្រប់គ្រាន់ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹង វ៉ាក់សាំង COVID-19 នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មានដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីសេតវិមានម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាសេតវិមានក៏ចាត់ទុកថា YouTube និង Facebook កំពុងដើរតួនាទីជាចៅក្រមផង និងជាពេជ្ឈឃាដផង ក្នុងពេលជាមួយគ្នាផងដែរលើការគ្រប់គ្រងព័ត៌មានវ៉ាក់សាំង។ មន្ត្រីរូបនេះ ដដែលបានគូសបញ្ជាក់ដូច្នេះថា៖ « Facebook និង YouTube កំពុងដើរតួនាទីជាចៅក្រមផង ជាគណៈវិនិច្ឆ័យផង និងជាពេជ្ឈឃាដផងក្នុងពេលជាមួយគ្នា ក្នុងការគ្រប់គ្រងព័ត៌មានមិនពិតស្ដីពីវ៉ាក់សាំង COVID-19 នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន...យើងចង់ឃើញពួកគេប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ស្កាត់ព័ត៌មានមិនពិតទាំងឡាយ»

គួរបញ្ជាក់ថា ការរិះគន់ខាងលើរបស់សេតវិមាន កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅ Facebook និងបណ្ដាញទំនាក់ទំនងសង្គមដទៃទៀតថាជា «ឃាតក» ដោយសារតែការបរាជ័យក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយពីវ៉ាក់សាំង COVID-19 ដែលលោក ផ្ទាល់យល់ថាបានបង្កការលំបាកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកលមួយនេះ និងការសង្រ្គោះអាយុជីវិតមនុស្ស៕