(បាងកក)៖ រាជធានីបាងកករបស់ថៃ នៅថ្ងៃសុក្រនេះ បានសម្រេចបិទសួនច្បារ និងទីធ្លាសាធារណៈថែមទៀត ខណៈដែលអត្រាករណីឆ្លង COVID-19 នៅក្នុងប្រទេស បានកើនដល់កម្រិតខ្ពស់ថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។

ទីក្រុងបាងកកនិងបណ្តាខេត្តនៅជុំវិញ ត្រូវបានដាក់ឲ្យស្ថិតក្រោមវិធានការបិទខ្ទប់រយៈពេល២សប្តាហ៍ រួចមកហើយ។ ការរឹតត្បិតបន្ថែមលើការធ្វើដំណើរ និងបម្រាមគោចរពេលយប់ ត្រូវបានអនុវត្តនៅសប្តាហ៍នេះ ដោយផ្សារនិងហាងលក់ទំនិញភាគច្រើន ត្រូវបិទទ្វារ លើកលែងផ្សារទំនើបធំៗ និងឱសថស្ថាន។ រីឯនៅថ្ងៃសុក្រនេះ សួរច្បារ និងទីធ្លាសាធារណៈដទៃទៀត ក៏ត្រូវបានបិទដែរ។

គួរបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងនៃ COVID-19 ចំនួន១៤,៥៧៥នាក់ ដែលជាកំណាត់ត្រាថ្មីមួយទៀត និងស្លាប់១៤៤នាក់ នៅទូទាំងប្រទេស។ រហូតមកទល់ពេលនេះ កន្លែងដែលមានករណីឆ្លងនិងស្លាប់ច្រើនជាងគេ ដោយសារ COVID-19 នៅក្នុងប្រទេសថៃ គឺស្ថិតនៅទីក្រុងបាងកកផ្ទាល់៕