(សេអ៊ូល)៖ យុវជននៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានបង្គាប់ឱ្យចៀសវាងការប្រើប្រាស់ ឬនិយាយគ្រាមភាសា ដោយត្រូវមានមោទកភាពចំពោះប្រពៃណី ភាសា និងវប្បធម៌របស់ខ្លួនឯង ខណៈអាជ្ញាធរទីក្រុងព្យុងយ៉ាងកំពុងប្រឹងប្រែង ទប់ស្កាត់ការហូរចូលវប្បធម៌បរទេស ជាពិសេសមកពីកូរ៉េខាងត្បូង។ នេះបើប្រភពពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន NBC នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងបទវិចារណថារបស់ខ្លួន សារព័ត៌មានរដ្ឋកូរ៉េខាងជើង រ៉ូដុង ស៊ីនម៉ាន់ (Rodong Sinmun) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលយុវជនជំនាន់ក្រោយគ្រប់រូប ឱ្យតម្លៃលើមនោគមន៍វិជ្ជា និងស្មារតីបដិវត្តន៍ នោះអនាគតប្រទេសជាតិនឹងភ្លឺស្វាង... បើពុំដូច្នោះទេប្រព័ន្ធសង្គម និងស្មារតីបដិវត្តន៍ដ៏យូរអង្វែងរាប់សិបឆ្នាំមកនេះ នឹងត្រូវបានបំផ្លាញ»

គួរបញ្ជាក់ថា សារព័ត៌មាន Rodong Sinmun ក៏បានព្រមានកុំឱ្យយុវជនកូរ៉េខាងជើងទាំងអស់ ប្រើប្រាស់ ឬនិយាយគ្រាមភាសាមកពីកូរ៉េខាងត្បូង ហើយត្រូវការពារ និងតម្លៃភាសាជាតិដ៏ខ្ពស់ខ្ពស់របស់ខ្លួន ព្រមទាំងត្រូវចៀសឱ្យឆ្ងាយពីវប្បធម៌បរទេស ក្នុងនោះរួមមានរបៀបស្លៀកពាក់ និងម៉ូតសក់ជាដើម៕

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ កាលពីអំលុងខែមិថុនាកន្លងទៅនេះ មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចោទប្រកាន់វិស័យចម្រៀង K-pop ដ៏ពេញនិយមបំផុតនៅកូរ៉េខាងត្បូងនោះថា បានធ្វើឱ្យខូចដល់យុវជនកូរ៉េខាងជើង ហើយលោក គីម បានចាត់ទុកទៀតថា K-pop គឺជា «ជំងឺមហារីកដ៏សាហាវ» និងបានព្រមានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើពលរដ្ឋដែលកំពុងគាំទ្រខ្សែភាពយន្ត K-drama និងវិស័យចម្រៀង K-pop របស់ប្រទេសកូរ៉េខាងត្បូងផងដែរ៕