(ឡុងដ៍)៖ ការទុកចន្លោះពេលយូរក្នុងការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer សម្រាប់ដូសទី ២ អាចជួយបង្កើនកម្រិតអង់ទីករខ្ពស់ ជាងការទុកគម្លាតចាក់វ៉ាក់សាំងរយៈពេលខ្លី។ ប៉ុន្តែនៅក្នុងចន្លោះពេលនេះ កម្រិតអង់ទីករអាចនឹងថយចុះ ក្រោយការចាក់ដូសទី១រួច។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។

ការសិក្សាខាងលើរបស់សាកលវិទ្យាល័យ Oxford មានមូលដ្ឋាននៅចក្រភពអង់គ្លេស អាចនឹងជួយដល់ការបង្កើន យុទ្ធសាស្ត្រចាក់វ៉ាក់សាំង ប្រឆាំងនឹងវីរុសបម្លែងថ្មី Delta។ បើតាមការសិក្សាខាងលើដដែល ការរក្សាគម្លាត ឬចន្លោះពេលយូរក្នុងការចាក់វ៉ាក់សាំង Pfizer ដូសទី ២ អាចនឹងជួយបង្កើនកម្រិតអង់ទីករ ប្រឆាំងនឹងវីរុសបម្លែងថ្មី Delta។ នៅចន្លោះពេលនេះ កម្រិតអង់ទីករក្រោយចាក់ដូសទី ១ នឹងថយចុះ ហើយអាចនឹងបន្តថយចុះថែមទៀត ក្នុងចន្លោះពេលនៃការទុកគម្លាតរយៈពេលយូរ មុននឹងចាក់ដូសទី ២។ ក៏ប៉ុន្តែបន្ទាប់ពីបានចាក់ដូសទី ២ រួចនោះ កម្រិតអង់ទីករនឹងកើនខ្ពស់ឡើងវិញច្រើនជាង ២ដង បើធៀបទៅនឹងការទុកចន្លោះពេលខ្លី មុននឹងចាក់ដូសទី ២ ដូចការអនុវត្តន៍ធម្មតា។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ អាជ្ញាធរសុខាភិបាលអង់គ្លេស បានទុកចន្លោះពេលចាក់ដូសទី ២ នៃវ៉ាក់សាំង Pfizer រហូតដល់ទៅ ១២សប្ដាហ៍ឯណោះ ក្រោយការចាក់ដូសទី ១ ខណៈក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកមួយនេះបានព្រមានថា គ្មានភស្តុតាងអាចបញ្ជាក់ថា ការទុកចន្លោះពេលបែបនេះ អាចបង្កើនប្រសិទ្ធភាពវ៉ាក់សាំងនោះទេ។ ជាធម្មតាគម្លាតនៃការចាក់វ៉ាក់សាំង Pfizer ដូសទី ២ មានរយៈពេល ៣សប្ដាហ៍ក្រោយចាក់ដូសទី ១៕