(ប៉េកាំង)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានផ្ដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៦០០លានដូសហើយ ជូនដល់បណ្ដាប្រទេស និងតំបន់ជាង ២០០ នៅទូទាំងពិភពលោក ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះជាសកល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

លោក លី ស៊ីឈាន (Li Xingqian) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនក៏បានផ្តល់ម៉ាសជាង ៣០០ពាន់លានម៉ាស, សម្លៀកបំពាក់ការពារខ្លួនចំនួន ៣.៧ពាន់លានឈុត និងឧបករណ៍ធ្វើតេស្តចំនួន ៤.៨ពាន់លានឈុតដល់បណ្ដាប្រទេស និងតំបន់ទាំងនោះផងដែរ។

លោក Li Xingqian បានបន្ថែមថា ទោះបីជាមានការរំខានពីជំងឺ COVID-19 ក៏ដោយ ក៏ប្រទេសចិនបានធ្វើការយ៉ាងឆាប់រហ័ស ដើម្បីផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតទៅកាន់ពិភពលោកដែរ ដែលជាការរួមចំណែកដល់កិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះជាសកល៕