(ញូដេលី)៖ ក្រុមកសិករនៅប្រទេសឥណ្ឌា កំពុងនាំគ្នាត្រៀមបន្តការធ្វើបាតុកម្មនៅរដ្ឋធានីញូដេលី ពាក់ព័ន្ធទៅនឹងការចេញច្បាប់កសិកម្មថ្មីមួយចំនួន ដែលពួកគេអះអាងថា គំរាមកំហែងដល់ជីវភាពរស់នៅ របស់ប្រជាកសិករឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

មុនពេល COVID-19 ផ្ទុះខ្លាំង កសិករឥណ្ឌារាប់ម៉ឺននាក់ បាននាំដង្ហែក្បួនលើដងផ្លូវធំៗ ឆ្ពោះទៅកាន់ទីក្រុងញូដេលី អស់រយៈពេលជាច្រើន ខែ។ ឥឡូវបន្ទាប់ពីស្ថានការណ៍ ហាក់បានធូរស្រាលជាងមុន ក្រោយ COVID-19 បានរាតត្បាតយ៉ាងអាក្រក់បំផុត នៅក្នុងប្រទេសឥណ្ឌា ក្រុមប្រជាកសិករឥណ្ឌា កំពុងចាប់ផ្តើមការធ្វើបាតុកម្មឡើងវិញ ដើម្បីរំលឹកពីការទាមទាររបស់ពួកគេ ចំពោះរដ្ឋាភិបាល។

យ៉ាងណាមិញ ក្រោយការចរចាគ្នា ប៉ូលិសទីក្រុងញូដេលី បានអនុញ្ញាតឲ្យកសិករចំនួនត្រឹម២០០នាក់ ប្រមូលផ្តុំគ្នាក្នុងថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្តែងការតវ៉ានៅក្បែរវិមានសភា ហើយត្រូវអនុវត្តតាមវិធានការណែនាំផ្នែកសុខាភិបាល ដែលដាក់ចេញដោយអាជ្ញាធរ ឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាលឥណ្ឌាបានចេញច្បាប់កសិកម្មថ្មីចំនួន៣ ដែលខ្លួនអះអាងថា នឹងជួយផ្តល់ផលចំណេញ ច្រើនជាងមុន ដល់ប្រជាកសិករ ប៉ុន្តែខាងកសិករឥណ្ឌាបានអះអាងវិញថា តាមពិតទៅច្បាប់ទាំងនេះ គាំទ្រដល់ក្រុមហ៊ុនឯកជនធំៗទៅវិញ ទេ៕