(តិចសាស់)៖ អាជ្ញាធរសុខាភិបាលក្នុងរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិកបានឱ្យដឹងថា នៅក្នុងចំណោមមនុស្ស ៨,៧៨៧នាក់ដែលបានស្លាប់ដោយសារ COVID-19 ចាប់តាំងពីដើមខែកុម្ភៈមកនោះមាន ៤៣នាក់បានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Texas Tribune នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលក្នុងរដ្ឋតិចសាស់ ការរកឃើញខាងលើមានន័យថា ៩៩.៥ភាគរយនៃអ្នកដែលបានស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋតិចសាស់ រាប់ចាប់ពីថ្ងៃទី០៨ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែកក្កដាកន្លងទៅ គឺជាក្រុមមនុស្សមិនបានចាក់វ៉ាក់សាំង ខណៈ០.៥ភាគរយ ជាក្រុមមនុស្សបានចាក់វ៉ាក់សាំងពេញលេញ ឬអ្នកដែលបានឆ្លង COVID-19 ១៤សប្ដាហ៍ក្រោយចាក់វ៉ាក់សាំងពេញលេញ។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា អាជ្ញាធរសុខាភិបាលរដ្ឋតិចសាស់ មិនបានបញ្ជាក់អ្វីលម្អិតពីអ្នកស្លាប់ទាំង ៤៣នាក់ខាងលើនោះទ ដោយអះអាងថា តួលេខនេះស្ថិតនៅក្រោមការស៊ើបអង្កេតបឋម។

គួរបញ្ជាក់ថា មនុស្សច្រើនជាង ៥០,០០០នាក់បានស្លាប់ដោយសារ COVID-19 នៅទូទាំងរដ្ឋតិចសាស់ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ប៉ុន្តែចំនួនអ្នកស្លាប់ បានថយចុះបន្តិចម្ដងៗចាប់តាំងពីមានវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាជននៃរដ្ឋមួយនេះ កាលពីខែមេសាមក។ អ្នកជំនាញនៅសហរដ្ឋអាមេរិក ក៏ធ្លាប់បានលើកឡើងផងដែរថា វ៉ាក់សាំងទាំងអស់លើពិភពលោក មិនអាចការពារមនុស្សបាន ១០០% ពីការឆ្លង ឬបាត់បង់ជីវិតដោយសារជំងឺ COVID-19 នោះឡើយ ប៉ុន្តែអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ជារួម ឲ្យមកស្ថិតនៅក្នុងកម្រិតទាប៕