(គូឡាឡាំពួរ)៖ សមាជិកសភាម៉ាឡេស៊ីមកពីទីក្រុង Muar លោក ស៊ីយ៉ីដ សាឌីក ស៊ីយីដ អាប់ឌុល រ៉ស់ម៉ាន (Syed Saddiq Syed Abdul Rahman) ត្រូវបាន តុលាការចោទប្រកាន់ពីបទរំលោភសេចក្ដីទុកចិត្ត និងកិបកេងមូលនិធិនៃអតីតគណបក្សរបស់លោក គឺគណបក្ស Bersatu។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

លោក Syed Saddiq ត្រូវបានតុលាការក្នុងទីក្រុងគូឡាឡាំពួរ ចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍នេះពីបទរំលោភសេចក្ដីទុកចិត្តមានជាប់ពាក់ព័ន្ធនឹងលុយ១លានរីងហ្គិត ឬស្មើនឹង ២៣៦,០០០ដុល្លារ និងកិបកេងមូលនិធិដែលជាអំណោយសម្រាប់គណបក្ស Bersatu ទុកយកទៅប្រើប្រាស់ក្នុងការធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតសកលលើកទី១៤។

បើតាមការចោទប្រកាន់ខាងលើរបស់តុលាការ លោក Syed Saddiq បានដកលុយ ១លានរីងហ្គិត តាមរយៈសែកដោយមិនមានការយល់ព្រមពីក្រុមប្រឹក្សាកំពូលនៃគណបក្ស Bersatu ហើយសកម្មភាពនេះត្រូវបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ បទចោទនេះត្រូវបានចោទប្រកាន់នៅក្រោមក្រមព្រហ្មទណ្ឌ ត្រង់ផ្នែកទី៤០៥ ដែលកំណត់ទោសជាប់ពន្ធនាគារច្រើនបំផុត១០ឆ្នាំ និងពិន័យជាប្រាក់។ បន្ថែមពីលើនេះ តុលាការក៏បានចោទប្រកាន់លោក Syed Saddiq ពីបទកិបកេងប្រាក់អំណោយ ១២០,០០០ រីងហ្គិត ទុកសម្រាប់គណបក្ស Bersatu ប្រើប្រាស់ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសកលលើកទី១៤ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ លោក Syed Saddiq បានច្រានចោលរាល់ការចោទប្រកាន់ ដោយអះអាងថាលោកមិនបានប្រព្រឹត្តខុសអ្វីទាំងអស់។ អតីតរដ្ឋមន្ត្រី វ័យក្មេងរូបនេះត្រូវបង់ប្រាក់តម្កល់ ៣៣៣,០០០រីងហ្គិត ដើម្បីនៅក្រៅឃុំ។

គួរបញ្ជាក់ថា លោក Syed Saddiq គឺជាអតីតរដ្ឋមន្ត្រីយុវជន និងកីឡារបស់ម៉ាឡេស៊ី នៅក្រោមអតីតរដ្ឋាភិបាលរបស់លោក មហាធៀ មហាំម៉ាត់។ តែលោក ត្រូវបានគេបណ្ដេញចេញពីគណបក្ស កាលពីខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីគណបក្ស Bersatu ដើរចេញពីគណបក្សចម្រុះ Pakatan Harapan (PH)៕